Lexus សង្ឃឹមឡាន SUV ថោកបំផុតរបស់ខ្លួន ទាក់ចិត្តអ្នកប្រើនៅអឺរ៉ុប

ខណៈ​ពេល​ដែល Lexus ត្រូវ​បាន​គេ​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​ថា​ជា “ម៉ាក​ប្រណីត​លំដាប់​ថ្នាក់​ពិភពលោក” មិនមែន​គ្រប់គ្នា​សុទ្ធតែ​យល់​ឃើញ​ថា​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​នេះ មាន​ឥទ្ធិពល​ដូច​គ្នា​នឹង​ម៉ាក​ប្រណីត​របស់​អឺរ៉ុប​នោះ​ទេ។ ទោះ​បី​ជា​មាន​ការ​លក់​រថយន្ត​ដាច់​ខ្លាំង​នៅ​សហរដ្ឋអាមេរិក​ក្តី ប៉ុន្តែ​ការ​ចូលចិត្ត​ប្រើប្រាស់​រថយន្ត​ម៉ាស៊ូត​នៅ​អឺរ៉ុប បាន​រារាំង​ដល់​ភាពជោគជ័យ​របស់ Leuxs នៅ​ទី​នោះ។

ផ្ទុយ​ទៅ​វិញ ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​រថយន្ត​ម៉ាស៊ូត​នៅ​អឺរ៉ុប​បច្ចុប្បន្ន ប្រហែល​ជា​អាច​ផ្តល់​ឱកាស​សម្រាប់ រថយន្ត Lexus ដើម្បី​បង្កើន​ចំណែក​ទីផ្សារ​របស់​ខ្លួន តាមរយៈ​រថយន្ត Hybrid។ យោង​តាម​គេហទំព័រ Autocar បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Lexus រំពឹង​ថា​នឹង​ដាក់​បង្ហាញ​រថយន្ត SUV ថ្មី​សន្លាង​របស់​ខ្លួន ម៉ូដែល UX ដែល​អាច​នឹង​ក្លាយ​ជា​រថយន្ត​លក់​ដាច់​បំផុត​មួយ​នៅ​ចក្រភពអង់គ្លេស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Lexus បាន​លក់​រថយន្ត​ដាច់​ជិត ៣០០ ០០០ គ្រឿង​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០១៨ ប៉ុន្តែ​លក់​បាន​ត្រឹម ១២ ៤០៥ គ្រឿង​ប៉ុណ្ណោះ​នៅ​ចក្រភពអង់គ្លេស។ មិន​តែ​ប៉ុណ្ណោះ សូម្បី​តែ​ការ​លក់​រថយន្ត​នៅ​អឺរ៉ុប​ទាំង​មូល គឺ​បាន​ត្រឹមតែ​ជាង ៤៦ ០០០ គ្រឿង​ប៉ុណ្ណោះ។

អរគុណ​ដល់​ម៉ូដែល UX ក្រុមហ៊ុន Lexus រំពឹង​ថា ការ​លក់​របស់​ខ្លួន​នៅ​ចក្រភពអង់គ្លេស នឹង​កើន​ឡើង ២០ ភាគរយ ស្មើ​នឹង ១៤ ០០០ គ្រឿង ខណៈ​វា​ស្ថិត​នៅ​ក្នុង​ផែនការ​ដ៏​ធំ​របស់​ក្រុមហ៊ុន​ជប៉ុន​នេះ ដើម្បី​លក់​រថយន្ត​របស់​ខ្លួន​ឲ្យ​បាន ១០០ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ​នៅ​អឺរ៉ុប។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Lexus នឹង​ដាក់​លក់​ម៉ូដែល UX 250h ដែល​ដំណើរការ​ដោយ​ម៉ាស៊ីន Hybrid ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយ​នឹង​ប្រព័ន្ធ Hybrid ដែល​បង្កើត​កម្លាំង​បាន ១៧៦ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម