LG គ្រោងនឹង​វិនិយោគទឹកប្រាក់ប្រមាណ​ ១,៤ ពាន់​លាន​ដុល្លារ ដើម្បីសាងសង់​រោងចក្រអាគុយ​ថ្មី​នៅ​អាមេរិកជើង

[បរទេស] ក្រុមហ៊ុន LG Energy Solution គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ១,៤ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រអាគុយថ្មីនៅរដ្ឋ Arizona នៅឆ្នាំ ២០២៤ ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅអាមេរិកខាងជើង។

រោងចក្រថ្មថ្មីនេះនឹងក្លាយជារោងចក្រដំបូងរបស់ក្រុមហ៊ុន LG នៅសហរដ្ឋអាមេរិកដែលប្រើប្រាស់កោសិការាងស៊ីឡាំង ជាមួយនឹងផែនការចាប់ផ្តើមការសាងសង់ទីតាំងនៅត្រីមាសទីពីរនៃឆ្នាំ ២០២២។ នៅពេលដែលផលិតកម្មដ៏ធំបានកើនឡើងនៅឆ្នាំ ២០២៤ ទីតាំងនេះនឹងមានសមត្ថភាពផលិតថាមពល ១១,០០០,០០០ គីឡូវ៉ាត់ម៉ោងនៃកោសិកាអាគុយជារៀងរាល់ឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ LG Energy Solution បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រោងចក្រ ARIZONA អាចបន្ថែមសមត្ថភាពផលិតបន្ថែមទៀតនាពេលអនាគត ដោយសារយើងកំពុងឃើញតម្រូវការកើនឡើងសម្រាប់អាគុយស៊ីឡាំងពីអតិថិជនជាច្រើន រួមទាំងក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតឧបករណ៍ថាមពល” ។ ជាមួយគ្នានេះ កាសែត Reuters បានរាយការណ៍ថា LG Energy Solution នឹងផ្តល់កោសិកាអាគុយស៊ីឡាំងថ្មីទាំងនេះដល់ក្រុមហ៊ុនរថយន្ត Tesla, Lucid និង Proterra ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន LG បានប្រកាសពីការវិនិយោគថ្មីជាបន្តបន្ទាប់ចាប់តាំងពីខ្លួនបានវីនិយោគប្រាក់បានចំនួន ១០ ពាន់លានដុល្លារក្នុងការផ្តល់ជូនជាសាធារណៈលើកដំបូងនៅក្នុងប្រទេសកូរ៉េកាលពីខែមករា។ ថ្មីៗនេះ ក្រុមហ៊ុនផ្គត់ផ្គង់អាគុយ និងក្រុមហ៊ុន Stellantis ក៏បានប្រកាសពីគម្រោងសាងសង់រោងចក្រថ្មថ្មីនៅ Ontario ប្រទេសកាណាដាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម