
បន្ទាប់ពីមានការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនជាច្រើន និងដើម្បីបំពេញតម្រូវការទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំក្នុងការផលិតរថយន្តរបស់ខ្លួន ពេលនេះ ក្រុមហ៊ុនផលិតអាគុយចិន Sunwoda Electronic Co., Ltd ដែលមានការគាំទ្រពីសំណាក់ក្រុមហ៊ុន Li Auto បានប្រកាសបង្ហាញចេញនូវថ្ម EV ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ គឺមានឈ្មោះថា Xin·Bixiao ។

បើនិយាយពីថ្ម polymer all-solid-state battery នេះ គឺមានដង់ស៊ីតេថាមពលដល់ទៅ 400Wh/kg ឯណ្ណោះ ហើយវាក៏អាចសាកបានលើស ១ ២០០ដង ព្រមទាំងអាចបើកបរបានចម្ងាយលើស ១ពាន់គីឡូម៉ែត្រនៅពេលសាកពេញម្តងផងដែរ។
ក្នុងនោះ ក្រុមហ៊ុនផ្ទាល់បានបញ្ជាក់ថា ថ្មនេះ គឺអាចប្រើប្រាស់បានរយៈពេលជាង ១ទសវត្សរ៍ សម្រាប់ការបើកបរប្រចាំឆ្នាំប្រមាណ ២មុឺនគីឡូម៉ែត្រ។

គួរបញ្ជាក់ថា ក្រៅពីសមត្ថភាពទាំងនេះ ថ្មនេះ ក៏ទទួលបាននូវប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ដែលអាចការពារការឆេះនៅពេលមានកម្ដៅខ្លាំងផងដែរ ខណៈការផលិតសាកល្បងវិញ នឹងធ្វើឡើងនៅចុងឆ្នាំ២០២៥ នេះហើយ៕



















