
ក្រុមហ៊ុនផលិតយានយន្តថាមពលថ្មី (NEV) របស់ចិន Li Auto បានប្រកាសនៅថ្ងៃនេះ អំពីការឈានជើងចូលទៅកាន់ទីផ្សារប្រទេសអេហ្ស៊ីប, កាហ្សាក់ស្ថាន និងអាស៊ែបៃហ្សង់ ជាផ្លូវការ ដែលបង្ហាញពីការបង្កើនល្បឿននៃយុទ្ធសាស្ត្រពង្រីកខ្លួនជាសកលរបស់ខ្លួន។
ការបោះជំហាននេះធ្វើឡើងបន្ទាប់ពីការបង្កើតមជ្ឈមណ្ឌលលក់រាយដែលមានការអនុញ្ញាតនៅក្រៅប្រទេសដំបូងគេរបស់ខ្លួន នៅក្នុងប្រទេសអ៊ូបេគីស្ថានកាលពីខែតុលា ជាកន្លែងដែលក្រុមហ៊ុនបានចាប់ផ្តើមលក់រថយន្តប្រភេទ extended-range (EREV) ម៉ូឌែល L9, L7 និង L6។
ការបង្កើតបណ្តាញលក់ និងការដាក់បង្ហាញផលិតផលយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារអន្តរជាតិចំនួន៤ ក្នុងរយៈពេលដ៏ខ្លីនេះ បានបញ្ជាក់ឲ្យឃើញច្បាស់ពីការបង្កើនល្បឿនយ៉ាងខ្លាំងនៃការពង្រីកខ្លួនទៅកាន់ក្រៅប្រទេសរបស់ក្រុមហ៊ុន Li Auto។ នៅក្នុងទីផ្សារថ្មីនេះ Li Auto នឹងដាក់បង្ហាញរថយន្ដម៉ូឌែលកំពូលប្រភេទ (Flagship) ទាំង៣របស់ខ្លួនក្នុងពេលដំណាលគ្នាគឺ Li L9, Li L7 និង Li L6។
ក្រៅពីការឈានចូលទៅកាន់ទីផ្សារថ្មីនេះ Li Auto ក៏កំពុងពង្រឹងសមត្ថភាពបន្ស៊ាំផ្នែកបច្ចេកទេសជាសកលរបស់ខ្លួនផងដែរ តាមរយៈការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៅក្នុងប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។ ក្រឡេកទៅមើលពេលអនាគត Li Auto បានរៀបចំផែនការយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍផលិតផលនាពេលខាងមុខ ដោយម៉ូឌែលរថយន្ដថ្មីៗដែលគ្រោងនឹងដាក់លក់ក្នុងឆ្នាំ ២០២៦ ត្រូវបានរចនាឡើងដោយគិតគូរពីបទប្បញ្ញត្តិទីផ្សារក្រៅប្រទេស តាំងពីដំណាក់កាលស្រាវជ្រាវដំបូងមកម្ល៉េះ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ Li Auto បាននឹងកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃការលក់។ យោងតាមសារព័ត៌មានចិន 36kr កាលពីពាក់កណ្តាលខែតុលាឆ្នាំនេះ Li Auto បានបើកកិច្ចប្រជុំយុទ្ធសាស្ត្ររដូវស្លឹកឈើជ្រុះបិទទ្វាររយៈពេល៣ថ្ងៃនៅទីក្រុងប៉េកាំង។ ក្នុងអំឡុងកិច្ចប្រជុំនេះ ក្រុមហ៊ុនបានពិនិត្យឡើងវិញនូវបញ្ហាផ្សេងៗ រួមមានការធ្លាក់ចុះនៃការលក់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រផលិតផល។ ជាលទ្ធផល ពួកគេបានសម្រេចចិត្តកែសម្រួលម៉ូឌែលរថយន្ត ការផ្តល់ជូនផលិតផល និងវិធីសាស្ត្រ R&D ព្រមទាំងពន្លឿនការពង្រីកខ្លួនជាអន្តរជាតិ និងបង្កើនការវិនិយោគលើផ្នែកបញ្ញាសិប្បនិម្មិត (AI)។
នៅក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រឆ្នាំនេះ Li Auto បានទទួលស្គាល់ថា “កំហុសដ៏ធំបំផុតរបស់ខ្លួនគឺការបង្អង់ការពង្រីកខ្លួនជាអន្តរជាតិឲ្យបានពេញលេញ”។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុនគ្រោងនឹងពន្លឿនការចូលទៅកាន់ទីផ្សារពិភពលោកជាផ្លូវការឱ្យបានកាន់តែខ្លាំងក្លាបំផុត។
កន្លងមក ការលក់នៅទីផ្សារអន្តរជាតិរបស់ Li Auto គឺពឹងផ្អែកលើការនាំចេញស្របគ្នា (parallel exports) ទៅកាន់ទីផ្សារដូចជា ប្រទេសរុស្ស៊ី តំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល ដែលមានបរិមាណនាំចេញខ្ពស់បំផុតរហូតដល់ ៤,០០០ គ្រឿងក្នុងមួយខែ។ សារព័ត៌មាន 36kr បានរាយការណ៍ថា រថយន្ត Li Auto L9 ដែលមានតម្លៃ ៦៣,០០០ ដុល្លារ អាចលក់បានក្នុងតម្លៃដល់ទៅ ១២៦,០០០ ដុល្លារ នៅក្នុងប្រទេសរុស្ស៊ី តាមរយៈការនាំចេញស្របគ្នានេះ ដែលធ្វើឲ្យតម្លៃរបស់វាឡើងរហូតដល់ទ្វេដង៕
























