
បន្ទាប់ពីប្រកាសចេញនៅក្នុងមេសា ពេលនេះ ក្រុមហ៊ុន Li Auto បានប្រកាសឲដឹងហើយថា រថយន្តអគ្គិសនីសេរ៊ីថ្មី Li Auto i8 របស់ពួកគេនឹងប្រកាសចេញលក់ជាផ្លូវការនៅចុងខែកក្កដា ខាងមុខនេះហើយ ដោយនឹងធ្វើឡើងនៅក្នុងថ្ងៃទី ២៩ ជាមួយតម្លៃលក់ចាប់ពី ៤៨ ៨០០ ដុល្លារ ដល់ ៥៥ ៨០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
Li Auto i8 មានប្រវែងតួខ្លួនសរុប ៥ ០៨៥ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៧៤០ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៥០ ម.ម ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ (AWD) អាចផលិតកម្លាំងសរុបបាន ៥៣៦សេះ មានល្បឿនអតិបរមារ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ផ្គួបជាមួយជម្រើសអាគុយ NMC ទំហំ ៩០,១ និង ៩៧,៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៧០ និង ៧២០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការសាកល្បឿនលឿន 5C អាចជិះបានចម្ងាយ ៥០០គីឡូម៉ែត្រ ដោយគ្រាន់តែសាក ១០នាទី ប៉ុណ្ណោះ។
ចំពោះផ្នែកខាងក្រៅ គឺមានការរចនាស្រដៀងគ្នាទៅនឹងរថយន្តម៉ាក Li ផ្សេងៗទៀតដែរ ប៉ុន្តែផ្នែកខាងក្នុងគឺទទួលបាននូវអេក្រង់ចំនួន ២ ទំហំ ១៥,៧ អុីញ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែចំនួន ២ និងកន្លែងដាក់កែវទឹកជាដើម៕