
ក្រុមហ៊ុន Livan Auto ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Geely បានបង្ហាញរូបភាពផ្លូវការដំបូងរបស់រថយន្តអគ្គិសនីខ្នាតតូចម៉ូដែលថ្មីរបស់ខ្លួនគឺ Livan Smurf ។ រថយន្ដបែប City Car Livan Smurf ត្រូវបានបំពាក់ដោយម៉ូទ័រចំនួន១ និងអាគុយប្រភេទ Lithium Iron Phosphate (LFP)។ មានគោលដៅធំរបស់នេះគឺផលិតមកដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារជាមួយរថយន្តល្បីៗដូចជា Wuling Hongguang Mini EV, Chery QQ Icecream និង Bestune Pony។
រថយន្ត Livan Smurf មានការរចនារូបរាងជា “ប្រអប់តូច” ដែលមានលក្ខណៈតូចច្រឡឹងនិងទាក់ទាញ។ ផ្នែកខាងមុខរបស់វាត្រូវបានរំលេចប៉ាណាបិទជិត ភ្ជាប់មកជាមួយចង្កៀងមុខមូលៗរាង “Forest Spirit Eye” ដែលធ្វើឲ្យវាមានរូបរាងគួរឲ្យស្រលាញ់។ ជាមួយចង្កៀងមានរាងដូច”ភ្នែកធំៗ” ភ្ជាប់ជាមួយកាងមុខពណ៌ប្រាក់ បានបង្កើតជាចំណាប់អារម្មណ៍មើលទៅដូចជាកំពុង “ញញឹម”។ ចំណែករន្ធសាកថ្មត្រូវបានដាក់នៅចំកណ្តាលផ្នែកខាងមុខនៃរថយន្ត។
សម្រាប់ទំហំរូបរាងរបស់រថយន្ត Livan Smurf វាមានប្រវែងតួខ្លួនសរុប ៣ ១០០មម, ទទឹង១ ៥៥៨មម, កម្ពស់១ ៦១០មមនិងប្រវែងគម្លាតកង់មុខក្រោយ ២០ ១៥មម។ ចំពោះកម្រិតសមត្ថភាពវិញរថយន្ដនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចកម្លាំងអតិបរមា ៣០គីឡូវ៉ាត់ (៤០ សេះ)។
ផ្នែកខាងក្នុងនៃរថយន្ត Livan Smurf ត្រូវបានរចនាឡើងយ៉ាងសាមញ្ញ តែមានលក្ខណៈមូលក្លំ។ ផ្ទៃខាងក្នុងផ្តល់ជម្រើសបីពណ៌គឺ៖ ពណ៌ផ្កាឈូក Sakura, ពណ៌ប្រផេះ Castle, និងពណ៌បៃតង Forest។ លក្ខណៈពិសេសផ្សេងៗដែលងាយស្រួលប្រើរួមមាន៖ ដៃចង្កូតរាងពីរកំណាត់, កុងតាក់លេខបង្វិល, អេក្រង់បញ្ជានៅចំកណ្ដាល និងទំពក់សម្រាប់ព្យួរឥវ៉ាន់នៅផ្នែកខាងក្រៅ។
រថយន្ត Livan Smurf គឺជាម៉ូដែលដែលត្រូវបានប្តូរឈ្មោះពី Geely Panda Mini EV ដែលបានដាក់លក់ពីមុន។ យោងតាមទិន្នន័យពី China EV DataTracker រថយន្តនេះបានលក់ដាច់ចំនួន ១០១ ៥១៤ គ្រឿងចាប់ពីខែមករា ដល់ខែកក្កដាឆ្នាំនេះ។ យោងតាមគេហទំព័រ CarNewsChina ប៉ាន់ស្មានថា រថយន្តនេះអាចនឹងបំពាក់មកជាមួយអាគុយទំហំប្រហែល ១៧ គីឡូវ៉ាត់ម៉ោង និងអាចរត់បានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ (CLTC) និងអាចតម្លៃក្រោម ៣៦,០០០ យន់ ឬ (ប្រហែល ៥,០០០ ដុល្លារអាមេរិក)៕