Lotus Emira First Edition ប្រើម៉ាស៊ីន AMG ចេញតម្លៃជាផ្លូវការ ចាប់ពី ៨៥ ៩០០ដុល្លារ

ក្រុមហ៊ុន Lotus បានប្រកាសចេញនូវតម្លៃនៃរថយន្ត Emira First Edition ថ្មី ដែលបំពាក់ម៉ាស៊ីន AMG ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ដោយមានតម្លៃចាប់ពី ៨៥ ៩០០ដុល្លារ ពោលគឺថ្លៃជាងម៉ូដែល Lotus Emira V6 ដល់ទៅ ៣ ០០០ដុល្លារឯណោះ។

ម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំងលើរថយន្ត Lotus Emira First Edition ខាងលើ ក៏ត្រូវបានប្រើលើរថយន្តMercedes-AMG A 45 S ផងដែរ ដោយបង្កើតកម្លាំងបានសរុប ៣៦០សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lotus អះអាងថា រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣វិនាទី ហើយមានល្បឿនអតិបរមា ២៨៣គីឡូម៉ែត្រក្នុងមួយម៉ោង។

Emira First Edition បានបំពាក់ Option ស្តង់ដារមកជាច្រើន រួមទាំង Drivers Pack (សម្រាប់ម៉ូដែល Touring ឬ Sport), Design Pack (កញ្ចក់ខ្មៅ, Alcantara headliner) និង Convenience Pack (សេនស័រចូលចត, កាមេរ៉ាមើលក្រោយ, ផ្តិតទឹកអូតូ) ក៏ដូចជា កុងទ័រឌីជីថល់ ១២,៣អ៊ីញ, អេក្រង់កម្សាន្ត ១០,២៥អ៊ីញ, កៅអីសារ៉េបាន ១២បែប មានមុខងារកម្តៅ និងប្រព័ន្ធសំឡេង KEF ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Lotus Emira First Edition នឹងចេញលក់នៅចុងឆ្នាំ២០២២ ខណៈអតិថិជនអាចបញ្ជាទិញបានតាមអនឡាញ ចាប់ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ តទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម