Lucid លក់រថយន្តអគ្គិសនីដល់ទៅ ១០មុឺនគ្រឿងដល់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតក្នុងរយៈពេល ១០ឆ្នាំ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lucid បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលនឹងលក់រថយន្តអគ្គិសនីដល់រដ្ឋាភិបាលរហូតដល់ ១០០ ០០០ គ្រឿងក្នុងរយៈពេល ១០ ឆ្នាំ។ មូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីតមានភាគហ៊ុន ៦១% នៅក្នុងក្រុមហ៊ុន Lucid ហើយបានធ្វើការទិញរថយន្តចំនួន ៥០ ០០០ គ្រឿង និងមានជម្រើសក្នុងការទិញរថយន្តអគ្គិសនីចំនួន ៥០ ០០០ បន្ថែមទៀតក្នុងរយៈពេលដូចគ្នានេះ។

ក្នុងនោះ រដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីតបានសន្យាទិញរថយន្ត Air sedan ទាំងអស់ ក៏ដូចជាម៉ូដែល Lucid នាពេលអនាគតដែលត្រូវបានផលិត និងដំឡើងនៅរោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តក្នុងរដ្ឋ Arizona ។ ម៉ូដែលនាពេលអនាគតក៏នឹងត្រូវបានផលិតនៅរោងចក្រផលិតអន្តរជាតិរបស់ Lucid ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀងនេះនឹងឃើញដំបូងបង្អស់ដែលអារ៉ាប៊ីសាអូឌីតបញ្ជាទិញរថយន្តពី ១ ០០០ ទៅ ២ ០០០ គ្រឿងក្នុងមួយឆ្នាំ បន្ទាប់មកពី ៤ ០០០ ទៅ ៧ ០០០ គ្រឿងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមនៅឆ្នាំ ២០២៥។ ទន្ទឹមនឹងនេះ Lucid តម្រូវឲ្យចាប់ផ្តើមផ្តល់រថយន្តដំបូងដល់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតមិនលើសពីត្រីមាសទីពីរនៃឆ្នាំ ២០២៣ ។

រីឯតម្លៃទិញសម្រាប់រថយន្តនីមួយៗនឹងត្រូវបានកំណត់ដោយផ្អែកលើកម្រិតទាបនៃតម្លៃលក់ស្តង់ដារសម្រាប់រថយន្តដែលអាចអនុវត្តបាននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងតម្លៃលក់ស្តង់ដារនៃម៉ូដែលដែលអាចប្រៀបធៀបបាននៅសហរដ្ឋអាមេរិក។ តម្លៃនេះក៏នឹងរួមបញ្ចូលផងដែរនៅការចំណាយពាក់ព័ន្ធនឹងការដឹកជញ្ជូន និងថ្លៃដើមនៃការនាំចូល ក៏ដូចជាការចំណាយដែលចាំបាច់សម្រាប់ការរៀបចំរថយន្តឲ្យស្របតាមបទប្បញ្ញត្តិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។

ជាមួយគ្នានេះ លោក Peter Rawlinson នាយកប្រតិបត្តិ និងជាប្រធានផ្នែកបច្ចេកវិទ្យា Lucid បាននិយាយថា “ការផ្តល់រថយន្តអគ្គិសនីរហូតដល់ ១០០​ ០០០ គ្រឿងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត តំណាងឲ្យពេលវេលាដ៏សំខាន់មួយទៀតក្នុងការបង្កើនល្បឿននៃការដឹកជញ្ជូនប្រកបដោយនិរន្តរភាពរបស់យើងនៅទូទាំងពិភពលោក” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម