រូបរាងកំណាចរបស់ Lexus LX 570 ថ្មីដែលមានរចនានូវរន្ធខ្យល់ខាងមុខជាលក្ខណៈសំណាញ់នោះ បានលេចមុខយូរមកហើយនៅលើទីផ្សារប្រទេសរុស្ស៊ី និងនៅមជ្ឈិមបូព៌ាជាដើម។ ពេលនេះ Lexus បាននាំយកមុខមាត់នេះ ដាក់លើ Lexus LX 570 ស៊េរីឆ្នាំ ២០២០ ដែលដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិក ដោយឲ្យឈ្មោះថាប្រភេទ Sport។
LX Sport នេះនៅតែប្រើប្រាស់ម៉ាស៊ីន ៨ ស៊ីឡាំង ចំណុះ ៥,៧ លីត្រ ដែលបង្កើតកម្លាំងបាន ៣៨៣ សេះ។ វាភ្ជាប់ជាមួយនឹងប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ ដែលបញ្ជូនកម្លាំងទៅប្រព័ន្ធបើកបរវិលកង់ទាំងបួន (ប៉ុងពីរ)។
Lexus LX 570 ម៉ូដែលឆ្នាំ ២០២០ នឹងមានលក់នៅអាមេរិកនាខែកញ្ញា ដោយវាមានតម្លៃចាប់ពី ៨៣ ២៨០ ដុល្លារ សម្រាប់ប្រភេទកៅអីពីរជួរ។ សម្រាប់ប្រភេទកៅអីបីជួរវិញមានតម្លៃចាប់ពី ៩១ ៣៨០ ដុល្លារ និងប្រភេទ Sport មានតម្លៃចាប់ពី ៩៩ ៣០០ ដុល្លារ៕