Lynk & Co បញ្ចេញឡាន PHEV ថ្មី រត់បាន ២៨០គ.ម ដោយអគ្គិសនីសុទ្ធ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Lynk & Co 900 ប្រភេទ SUV PHEV ហើយគ្រោងចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិននៅក្នុងខែនេះ ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SPA Evo មានប្រវែងតួខ្លួនសរុប ៥ ២៤០ ម.ម ទទឹង ១ ៩៩៩ ម.ម កម្ពស់ ១ ៨១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១៦០ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាសុីនចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២  អាចផលិតកម្លាំងសរុបបាន ៧១១ សេះ
  • ម៉ាសុីនចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២  អាចផលិតកម្លាំងសរុបបាន ៧២៤ សេះ
  • ម៉ាសុីនចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងសរុបបាន ៨៤៥ សេះ ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៤វិនាទី ប៉ុណ្ណោះ។

ក្នុងនោះ រថយន្តនេះ ប្រើប្រាស់នូវកញ្ជប់អាគុយ LFP ទំហំ ៥២,៣៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៨០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ អាចសាកឡើងពី ២០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ១៧នាទី ប៉ុណ្ណោះ និងសរុប ១ ៤៤៣គីឡូម៉ែត្រ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានការរចនាស្រដៀងនឹង Range Rover ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មីរាងស្លីម ក៏ដូចជាថាសកង់ស្ព័រទំហំ ២០ ដល់ ២២ អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងទទួលបានជម្រើសពណ៌ Polar Night Black, Cloudy Grey, Morning Dawn Blue, Dawn White និង Sunlight Silver ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៦៦ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ៣០ អ៊ីញ មានកម្រិតបង្ហាញ 6K ចំនួន ២ ដំណើរការដោយប្រព័ន្ធបន្ទះឈីប Nvidia Drive Thor System និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ជាច្រើនមុខងារផងដែរ។ លើសពីនេះ កៅអី​ជួរ​ទី ២ ​នៃ​រថយន្ត​ទំនើប​នេះគឺ​អាច​បត់​បាន ១៨០ ដឺក្រេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម