[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Lynk & Co 02 ប្រភេទ SUV អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ១៩ ០០០ ដុល្លារ ដល់ ២១ ១០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៦០ ម.ម ទទឹង ១ ៨៤៥ ម.ម កម្ពស់ ១ ៥៧៣ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣៣៥ សេះ និងកម្លាំងរមួល ៣៧៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន ៣០០ គីឡូវ៉ាត់ អាចសាកបានពី ១០-៨០% ប្រើរយៈពេល ១៥នាទី ប៉ុណ្ណោះ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានការរចនាជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មីរាងស្លីម ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងទទួលបានជម្រើសពណ៌ខ្មៅ ប្រផេះ ក្រហម ត្នោតខ្ចី ស ខៀវ និងផ្កាឈូក។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីស្បែក បាសសម្លេងចំនួន ១៤ចំនុច អេក្រង់លើកញ្ជក់ HUD និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕