Lynk & Co 07 EM-P បំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបររបស់ Geely នឹង​ចេញ​លក់​នៅ​ខែ​កញ្ញា

រថយន្ដ Lynk & Co 07 EM-P Lidar Edition ទទួលបានការដាប់ដេតបំពាក់បន្ថែមជាមួយ​ប្រព័ន្ធ​បើកបរ​ឆ្លាតវៃ G-Pilot របស់ Geely គ្រោងនឹង​ចេញ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​នៅចុងខែ​កញ្ញាខាងមុខនេះ។ រថយន្ត Lynk & Co 07 EM-P ជាប់​ចំណាត់​ថ្នាក់​លេខ​១ ​ក្នុង​បញ្ជី​អត្រា​រក្សា​តម្លៃ​រយៈពេល​មួយ​ឆ្នាំ​សម្រាប់​រថយន្ត Plug-in Hybrid ប្រភេទ Sedans ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២៥ ​ចេញ​ផ្សាយ​ដោយ​សមាគម​អ្នក​ចែកចាយ​រថយន្ត​ចិន (CADA)។

ចំពោះរូបរាង​ខាងក្រៅ​នៃ​រថយន្ត​ថ្មី​នេះ​បន្ត​រក្សា​នូវ​ទស្សនទាន​រចនាបថ “Next Day” ដោយ​មាន​ការ​បន្ថែម​នូវ Lidar នៅ​លើ​ដំបូល ទឹកថ្នាំពណ៌​ថ្មីប្រភេទ “Aurora Silver” និង​ផ្នែក​ខាងមុខ​ខាងក្រោម​ត្រូវ​បាន​កែសម្រួល។ ប្រព័ន្ធ​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់ G-Pilot H7 ដែល​បំពាក់​នៅ​លើ​រថយន្ត គឺ​ដំណើរការ​ដោយ​បន្ទះឈីប NVIDIA Drive Thor មាន​ថាមពលគណនាបាន​ ៧០០ TOPS ដើម្បីគាំទ្រ​មុខងារ Highway NOA (Navigate on Autopilot នៅ​លើ​ផ្លូវ​ហាយវេ), City Streets NOA (Navigate on Autopilot នៅ​លើ​ផ្លូវ​ក្នុង​ទីក្រុង) និង​ការ​រុករក​ពី​ផ្ទះ​ទៅ​ផ្ទះ​ដោយ​មិន​ចាំបាច់​ប្រើ​ផែនទី HD។

Lynk & Co 07 EM-P Lidar Edition ជារថយន្ដប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid ​ដំណើរការដោយ​ម៉ាស៊ីនចំណុះ អាចផលិតម្លាំងបាន ១៦១សេះ រួមបញ្ចូលជាមួយម៉ូទ័រ​អគ្គិសនី និងបំពាក់មកជាមួយ​អាគុយ Lithium Iron Phosphate ទំហំ ១៨.៤ kWh ប្រើអគ្គិសនីអាចបើកបានចម្ងាយ ១០៣គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ ចំពោះកម្រិតត​ស៊ីសាំង​រថយន្ដនេះសុីត្រឹម ៤.៦៥ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម


ផ្ទាំងផ្សាយពាណិជ្ជកម្ម