
រថយន្តអគ្គិសនីប្រណីត Maextro S800 កើតចេញពីសហការផលិតរួមគ្នារវាងក្រុមហ៊ុន Huawei និង JAC ទទួលបានការបញ្ជាទិញចំនួន ៣ ៦០០ គ្រឿងក្នុងរយៈពេល ៧ថ្ងៃបន្ទាប់ពីការដាក់លក់លើទីផ្សារនៅក្នុងប្រទេសចិន។
បន្ទាប់ពីការដាក់បង្ហាញខ្លួនជាផ្លូវការ ក្រុមហ៊ុន Huawei បានបង្ហាញថា Maextro S800 ទទួលបានការបញ្ជាទិញចំនួន ១ ៦០០ គ្រឿងត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ លោក Yu Chengdong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានថ្លែងថា ៧០% នៃការបញ្ជាទិញទាំងនោះ សម្រាប់ម៉ូឌែលកម្រិតខ្ពស់របស់ Maextro S800។
រថយន្ត Maextro S800 មានជម្រើស៦ម៉ូឌែលដាក់លក់ក្នុងតម្លៃដូចខាងក្រោម៖
- Maextro S800 ប្រើអគ្គិសនីសុទ្ធ ៥កៅអី តម្លៃ ៩៦ ៦៦០ដុល្លារ
- Maextro S800 ប្រើអគ្គិសនីលាយសាំង ប្រើម៉ូទ័រ២ ៥កៅអី តម្លៃ ៩៦ ៦៦០ដុល្លារ
- Maextro S800 ប្រើអគ្គិសនីលាយសាំង ប្រើម៉ូទ័រ៣ ៥កៅអី តម្លៃ ១០៩ ៦១០ដុល្លារ
- Maextro S800 ប្រើអគ្គិសនីសុទ្ធ ៤កៅអី តម្លៃ ១១៣ ៧៨០ដុល្លារ
- Maextro S800 ប្រើអគ្គិសនីសុទ្ធ ម៉ូទ័រ២ ៤កៅអី តម្លៃ ១១៣ ៧៨០ដុល្លារ
- Maextro S800 ប្រើអគ្គិសនីលាយសាំង ប្រើម៉ូទ័រ៣ ៤កៅអី តម្លៃ ១៤១ ៦០០ដុល្លារ
Maextro S800 ប្រើប្រាស់ប្រព័ន្ធបើកបរឆ្លាតវៃ ADS 4 ចុងក្រោយបំផុតរបស់ Huawei មានសមត្ថភាពអាចបញ្ជ ដោយប្រើសម្លេងតាមរយៈ “AI trains AI”។ លើសពីនេះរថយន្ដនេះក៏បំពាក់មកជាមួយឧបករណ៍ចាប់សញ្ញា LiDAR ចំនួន ៤ និងឧបករណ៍ចាប់សញា្ញផ្សេងទៀតចំនួន ៣២ សម្រាប់ការយល់ឃើញទូលំទូលាយ ៣៦០ដឺក្រេ និងការគាំទ្រសម្រាប់ស្ថានភាពបើកបរស្មុគស្មាញ ដូចជាការបើកបរក្នុងគន្លងផ្លូវតូចចង្អៀត ការគេចវេសឧបសគ្គដោយស្វ័យប្រវត្តិ និងការចតរថយន្តបានត្រឹមត្រូវ។ លើសពីនេះ វាក៏មានប្រព័ន្ធកាប៊ីនបើកបរឆ្លាតវៃ Harmony ALPS 2.0 និងបច្ចេកវិទ្យាទំនាក់ទំនង Huawei Galaxy ផងដែរ។
សុវត្ថិភាពគឺជាចំណុចសំខាន់មួយដែលលេចធ្លោ តួខ្លួនរបស់រថយន្ដនេះ. ត្រូវបានផ្សំឡើងពីដែកថែបដែលមានកម្លាំងខ្លាំងបំផុត និងអាលុយមីញ៉ូម ដោយក្នុងនោះ ២៤% ជាដែកថែបបង្កើតដោយកម្ដៅលើសពី ១៥០០ MPa។ ការរចនានេះធ្វើឡើងដើម្បីបំពេញតាមស្តង់ដារសុវត្ថិភាព C-NCAP ប្រាំផ្កាយ និង C-IASI 3G+៕