
រថយន្ដ Maextro S800 ជារថយន្តដំបូងគេរបស់ក្រុមហ៊ុន Huawei ត្រូវបានគេប្រទះឃើញនៅតាមដងផ្លូវនិងត្រូវបានដឹកដល់ទីតាំងដាក់លក់រួចជាស្រេច មុនពេលការប្រកាសដាក់លក់ជាផ្លូវការនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៥។
រថយន្ដនេះត្រូវបានអភិវឌ្ឍន៍ដោយភាពជាដៃគូជាមួយក្រុមហ៊ុន JAC Group នឹងត្រូវដាក់លក់ក្នុងតម្លៃប្រហែល ១៣៨ ៧០០ ដល់ ២០៨ ០០០ ដុល្លារ។ រថយន្ត S800 ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹងឌីជីថល Tuling Longxing របស់ Huawei និងផ្តល់ជូននូវជម្រើសម៉ូឌែលអគ្គិសនីសុទ្ធ និងម៉ូឌែលអគ្គិសនីលាយសាំងដើម្បីពង្រីកចម្ងាយបើកបរ (extended-range)។ រថយន្ដនេះ មានប្រវែងតួខ្លួនសរុប ៥ ៤៨០មម ទទឹង ២ ០០០មម កម្ពស់ ១ ៥៣៦ មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ៣៧០ មម។
ផ្ទៃខាងក្នុងរថយន្តបំពាក់ជាមួយអេក្រង់ចំនួន៣ (three-screen dashboard) រួមបញ្ចូលជាមួយអេក្រង់បង្ហាញព័ត៌មាន លើកញ្ចក់ heads-up display ទំហំ ៧០ អុីញ បន្ថែមមកជាមួយស្បែក nappa ការតុបតែងឈើប្រណិតនិងគ្រីស្តាល់។ កៅអីរបស់រថយន្ដនេះមានមុខងារអាចបត់បាន៤បែប (executive four-seat layout) ផ្នែកខាងក្រោយភ្ជាប់មកជាមួយតុបត់បាន ភ្លើងលម្អ (ambient lighting) ទូទឹកកក និងដំបូលផ្កាយ។
ចំពោះកម្រិតសមត្ថភាពរថយន្ត Maextro S800 រចនាមកមានទាំងជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី២ និង៣ អាចផលិតកម្លាំងបានចាប់ពី ៤៨០ ទៅ ៨៦៤ សេះ។ សម្រាប់ម៉ូឌែល EREV ដំណើរការដោយម៉ាសុីន turbocharged ចំណុះ ១.៥ ផ្គួបជាមួយអាគុយទំហំ ៦៣.៣ គីឡូវ៉ាត់ម៉ោង និងគាំទ្រការសាកថ្មល្បឿនលឿន 6C អាចសាកពី ១០% ទៅ ៨០% ប្រើពេលត្រឹមតែ ១០.៥ នាទី។ ចំណែកឯម៉ូឌែលប្រើអគ្គិសនីសុទ្ធ បំពាក់មកជាមួយអាគុយទំហំ ៩៤.៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាត ៧០២គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។
រថយន្ត S800 បានបំពាក់ដោយប្រព័ន្ធ DriveSense 2.0 របស់ Huawei, ប្រព័ន្ធទំនាក់ទំនង Starlink 5G+។ ថ្មីៗនេះ ក្រុមហ៊ុន Huawei បានរាយការណ៍ថា មានការបញ្ជាទិញរថយន្តថ្មីៗជាង ១០.០០០ គ្រឿងក្នុងរយៈពេលមួយសប្តាហ៍ ហើយរថយន្ត S800 ត្រូវបានគេរំពឹងថានឹងគាំទ្រការពង្រីកម៉ាកយីហោនេះទៅកាន់ផ្នែកទីផ្សារប្រណិត (premium segment)៕