Maserati ដាក់ចេញការធានាថ្មី មានសុពលភាពដល់១០ឆ្នាំ សម្រាប់ម៉ាស៊ីន និងប្រអប់លេខ

[ទីផ្សារបរទេស] ក្រុមហ៊ុន Maserati បានប្រកាសចេញ​កម្មវិធីធានា​ថ្មី​សម្រាប់រថយន្តខ្លួន​ ដែលការ​ធានា​មាន​រយៈពេល​វែងរហូតដល់១០ឆ្នាំ ដោយ​ការធានាថ្មីនេះគឺដើម្បីលុបបំបាត់​ការយល់ឃើញថារថយន្តអ៉ីតាលី​មិន​មាន​ភាព​រឹងមាំ។

ការធានាដែលមានឈ្មោះថា Extra10 មានធានារយៈពេល១០ឆ្នាំ​លើ​គ្រឿង​បន្លាស់ រួមមាន​ម៉ាស៊ីន និងប្រអប់​លេខ ដោយ​ការ​ធានា​មាន​សុពលភាពរហូតដល់ពេលដែលរថយន្តមានអាយុ១០ឆ្នាំ។ ការ​ធានា​នេះ​មាន​ផ្ដល់​ជូន​បន្ថែម​លើ​ធានាដែលមាន​ស្រាប់​រយៈពេល ៤ ឬ ៥ឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការធានាថ្មីនេះមានសម្រាប់រថយន្ត Maserati គ្រប់ម៉ូដែល ហើយ​នឹង​មាន​ផ្ដល់​ជូន​សម្រាប់ទីផ្សារ​សហរដ្ឋអាមេរិក, កាណាដា និង​អាមេរិកឡាទីន ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នេះតទៅ។ ការធានានេះក៏មានមកជាមួយ​សេវាកម្មបន្ថែមមួយចំនួន​រួមមាន​សេវា​កម្ម​ទៅទទួលយក និងប្រគល់​ជូន​រថយន្តដល់​គេហដ្ឋាន​របស់​ម្ចាស់រថយន្តជាដើម។

ការធានានេះក៏រំពឹងថានឹងមាន​លើ​រថយន្តអគ្គិសនីថ្មីរបស់ Maserati ផងដែរ ត្បិតអីថារថយន្តនៅ​មិន​ទាន់​ប្រកាសចេញ​ជាផ្លូវ​ការក្ដី។ គួរដឹងរថយន្តអគ្គិសនីរបស់ Maserati ដែលរំពឹងថាប្រកាសចេញគឺជាប្រភេទអគ្គិសនីសុទ្ធនៃម៉ូដែល GranTurismo ដែល​មាន​ឈ្មោះ​ថា Folgore ដោយមកទល់ពេលនេះនៅមិនទាន់មានដំណឹងច្រើនអំពីវានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម