MC20 គឺជាម៉ូដែលថ្មីដ៏សំខាន់បំផុតរបស់ Maserati ក្នុងរយៈពេលជាច្រើនឆ្នាំ។ ខណៈពេលដែលវានឹងមិនមានចំនួនលក់ច្រើនដូចជាប្រភេទ Crossover Grecale ដែលបង្ហាញវត្តមាននាពេលខាងមុខនោះទេ។ រថយន្ត MC20 ជាម៉ូឌែលមួយដែលនឹងជួយបង្កើនការទាក់ទាញទូទាំងពិភពលោករបស់ Maserati ទោះបីជាមានតម្លៃជាង ២០ម៉ឺនដុល្លារក៏ដោយ ក៏ MC20 ត្រូវបានលក់អស់ទៅហើយសម្រាប់ម៉ូឌែលឆ្នាំ ២០២២។
វាជាការចាប់ផ្តើមដ៏ជោគជ័យមួយសម្រាប់រថយន្តទំនើបថ្មីរបស់ Maserati ប៉ុន្តែជាអកុសល ដូចម៉ូដែលថ្មីជាច្រើនដែរ MC20 កំពុងមានបញ្ហាទៅលើប្រព័ន្ធដំណើរការប្រេងឥន្ធនៈ។ ក្នុងករណីនេះ ក្រុមហ៊ុន Maserati បានរកឃើញបញ្ហាជាមួយនឹងប្រព័ន្ធដំណើរការប្រេងឥន្ធនៈរបស់ MC20 លើម៉ាស៊ីន Twin-turbo V6 ចំណុះ ៣.០ លីត្រ។ ខណៈពេលជាម៉ូឌែលដំបូងរបស់ Maserati រយៈពេលពីរទសវត្សរ៍ ជាមួយនឹងការបំពាក់ដោយម៉ាស៊ីនដែលមិនត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Ferrari ផ្ទាល់។
យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ(NHTSA) សែនស័របំពង់ប្រេងអាចលេចធ្លាយប្រេង អាចបណ្តាលឱ្យម៉ាស៊ីនឈប់ ឬកាត់បន្ថយដំណើរការ។ ហើយក្នុងករណីខ្លះការលេចធ្លាយឥន្ធនៈក៏អាចបណ្តាលឱ្យឆេះផងដែរ។ ជាលទ្ធផល Maserati កំពុងចេញសេចក្តីប្រកាសក្នុងការប្រមូលមកវិញនៃ MC20 ដែលរងផលប៉ះពាល់ ដើម្បីជួសជុលជៀសវាងបណ្តាលអោយមានបញ្ហាធ្ងន់ធ្ងរដែលអាចកើតមាននេះ។
ចាប់តាំងពីបានចេញជាផ្លូវការរថយន្ត MC20 ចំនួន ៤គ្រឿង ក្នុងចំណោម ៤០៩គ្រឿង ជួបបញ្ហានេះ។ ក្រៅពីរថយន្ត MC20 រថយន្ត Quattroporte ឆ្នាំ២០២១, Ghibli ឆ្នាំ២០២១ និង Levente ឆ្នាំ២០២១-២០២២ ក៏ទទួលរងនូវបញ្ហានេះដូចគ្នា។
Maserati បានដឹងអំពីបញ្ហានេះនៅថ្ងៃទី ៨ ខែតុលា ហើយបានប្រកាសប្រមូលវិញនៅថ្ងៃទី ៤ ខែវិច្ឆិកា បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុង។ Maserati នឹងជូនដំណឹងដល់ម្ចាស់រថយន្តដែលរងផលប៉ះពាល់នៅថ្ងៃទី ២៧ ខែធ្នូ ដោយនឹងជំនួសសែនស័របំពង់ប្រេងដែលមានបញ្ហាដោយមិនគិតថ្លៃ៕