[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC Maxus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Maxus G70 ប្រភេទ MPV ខ្នាតកណ្តាល និងប្រកាសបើកទទួលការកក់ទុកមុនសម្រាប់នៅក្នុងទីផ្សារប្រទេសចិន ។
សម្រាប់រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩០០ ម.ម ទទឹង ១ ៨៨៥ ម.ម កំពស់ ១ ៧៦៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៦០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខមួយផ្ទាំងធំរាងជាសំណាញ់ ជាប់សងខាងដោយចង្កៀងមុខ LED និងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ១៨ អ៉ីញ ទ្វារូតចំហៀងដើរថាមពលអគ្គិសនី និងចង្កៀងក្រោយរាងជាអក្សរ H ។
ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់អេក្រង់ចំនួន ៣ គាំទ្រដោយឈីប built-in Qualcomm Snapdragon 8155 កៅអីជួរទី ២ អាចបង្វិលបាន ១៨០ ដឺក្រេ និងស្រោបដោយស្បែកប្រភេទ Nappa ក៏ដូចជាដំបូលកញ្ចក់ sunroof ផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ២៣០ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ៕