[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC Maxus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Maxus Territory ស៊េរីឆ្នាំ ២០២៣ ថ្មីប្រភេទ SUV ដែលមានមូលដ្ឋានដូចទៅនឹងភីកអាប់ Maxus T90 ជាមួយតម្លៃលក់ជាផ្លូវការចាប់ពី ៣៦ ៣៨០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។
ការរចនាផ្នែកខាងក្រៅសង្កត់ធ្ងន់ទៅលើភាពធុន ដោយមានប៉ាណាមុខមួយផ្ទាំងធំពណ៌ខ្មៅឆ្នូតពណ៌ទឹកក្រូចអបដោយចង្កៀងមុខប្រភេទ LED ខណៈដែលនៅផ្នែកខាងចំហៀងមានថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ដល់ ២០ អ៊ីញ និងផ្នែកខាងក្រោយមានចង្កៀងប្រភេទ LED ផងដែរ។
រីឯនៅខាងក្នុងវិញ មានកៅជម្រើស ៥ កៅអី ដល់ ៧ កៅអី និងបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ។ ក៏បានភ្ជាប់មកជាមួយឧបករណ៍ស្តង់ដាដូចជា កៅអីអ្នកបើកបរដែលអាចលៃតម្រូវតាមថាមពលបានអគ្គិសនី ៨ ទិសដៅ កៅអីអ្នកដំណើរខាងមុខដែលអាចលៃតម្រូវបាន ៤ ទិសដៅមុខងារកំដៅ ឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួណ ១២ ចំនុច ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ៣ តំបន់ ដំបូលកញ្ចក់បែប Panoramic sunroof និងកន្លែងសាកកម្លាំង ២២០ វ៉ុល។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ Maxus Territory ត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត Mild-hybrid ចំណុះ ២,០ លីត្រ ដែលផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់។ លើសពីនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធ ATS 2.0 system ដែលមានរបៀបបើកបររហូតដល់ ១០ របៀប៕