Mazda បានចាប់ផ្ដើមធ្វើការផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួនគឺម៉ូដែល MX-30 កាលពីថ្ងៃទី ២០ ខែឧសភាកន្លងទៅ ដែលផលិតនៅរោងចក្រ Uhina លេខមួយ ក្នុងក្រុង Hiroshima ប្រទេសជប៉ុន។
រថយន្ត MX-30 ដែលផលិតនៅជប៉ុនត្រូវបានឌីហ្សាញឡើងសម្រាប់ទីផ្សារអឺរ៉ុប។ តម្លៃរបស់ MX-30 នៅអឺរ៉ុបគឺមានចាប់ពីប្រមាណ ៣៧ ៤៣០ ដុល្លារ។
Mazda MX-30 គឺមានបំពាក់ម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១៤៣សេះ ដែលវាបានថាមពលពីអាគុយលីចូមចំណុះ ៣៥,៥ គីឡូវ៉ាត់ម៉ោង។ តាមការធ្វើតេស្តរបស់ WLTP បានឲ្យដឹងថារថយន្តអគ្គិសនីនេះអាចជិះបានចម្ងាយ ២០០ គ.ម ពេលសាកភ្លើងពេញ ជារយៈចម្ងាយមួយដែល Mazda និយាយថាអាចបំពេញចិត្តអតិថិជននៅអឺរ៉ុបបាន។
អាគុយរបស់រថយន្ត MX-30 អាចសាកពី ០ ដល់ ៨០% ក្នុងពេលប្រហែល ៤០នាទី ដោយប្រើប្រាស់ឆ្នាំងសាក DC។ អតិថិជននៅអឺរ៉ុបអាចធ្វើការកុម្ម៉ង់រថយន្ត MX-30 ចាប់ពីពេលនេះ ដែលនឹងមានដាក់លក់ចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២០ នេះ៕