Mazda បង្ហាញមុខឡានអគ្គិសនីថ្មីមួយទៀត

ក្រុមហ៊ុន Mazda បានបង្ហាញចេញដោយស្ងាត់ៗនូវរថយន្តអគ្គិសនីម៉ូដែលថ្មីនៅកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show ដែលជាម៉ូដែល CX-30 EV។

រថយន្ត CX-30 EV នេះបានផលិតឡើងដោយផ្អែកលើរថយន្ត CX-30 ប្រភេទប្រើម៉ាស៊ីនពីស្តុង ហើយរថយន្តនេះនឹងផលិតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន Mazda និងក្រុមហ៊ុន Changan Automobile។ យ៉ាងណាក្ដី Mazda មិនបានប្រាប់លម្អិតអំពីរថយន្តច្រើនប៉ុន្មានឡើយ ប៉ុន្តែបានបញ្ជាក់ថាវាដំណើរការដោយ e-SkyActiv។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រើប្រាស់គ្រោងឆ្អឹង SkyActiv-Vehicle Architecture ដូចគ្នានឹងរថយន្ត MX-30 ដែរ ដូចនេះរំពឹងថាសមត្ថភាពខាងក្នុងរបស់វាគឺដូចគ្នាទៅនឹងរថយន្ត MX-30 អ៊ីចឹងដែរ។ ប្រសិនដូចនេះមែន នោះវាមានម៉ូទ័រអគ្គិសនីមួយនៅខាងមុខដែលផលិតកម្លាំងបាន ១៤១សេះ ដែលបានថាមពលពីអាគុយចំណុះ ៣៥,៥គីឡូវ៉ាត់ម៉ោង។

ដោយសារតែរថយន្ត MX-30 មិនមានដាក់លក់នៅប្រទេសចិន ដូចនេះ Mazda CX-30 EV នេះនឹងជារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនសម្រាប់ទីផ្សារប្រទេសចិន ដែលការលក់នឹងចាប់ផ្ដើមនៅឆមាសទីពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម