Mazda ថាខ្លួននឹងចេញលក់រថយន្ត Mazda EZ-6 នៅអឺរ៉ុប ដោយផ្តល់ជូនទាំងជម្រើសអគ្គិសនី និង Hybrid

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការប្រកាសថា ខ្លួននឹងដាក់ចេញលក់ជាផ្លូវការនូវរថយន្ត Mazda EZ-6 នៅក្នុងទីផ្សារតំបន់អឺរ៉ុប ដោយផ្តល់ជូនទាំងជម្រើសអគ្គិសនី និងជម្រើសកូនកាត់ Hybrid ។

ចំពោះ Mazda EZ-6 EV ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចបើកបរបានចម្ងាយខ្ទង់់ ៦០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ Mazda EZ-6 PHEV វិញ ដំណើរការដោយម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបាន ២១៨ សេះ ដល់ ២៣៨ សេះ អាចបើកបរបានចម្ងាយខ្ទង់់ ២០០គីឡូម៉ែត្រ ដោយថាមពលអគ្គិសនី និងរត់បាន ១ ២០០គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលសរុប។

រថយន្តនេះ ភ្ជាប់មកជាមួយរូបរាងការឌីស្សាញបែបស្ព័រដែលគេឲ្យឈ្មោះថា Soul of Motion ដោយទទួលបានចង្កៀងមុខប្រភេទ LED រាងស្លីម ប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៊ីញ និងចង្កៀងក្រោយ LED រចនាជាបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ ក៏ដូចជា រន្ធម៉ាស៊ីនត្រជាក់រាងស្លីម សម្ភារៈប្រណិតៗ រួមទាំងភ្លើងលម្អផងដែរ។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន Mazda ហាក់ដូចជាមិនមានគម្រោងចែកចាយរថយន្តនេះទៅកាន់ទីផ្សារផ្សេងទៀតឡើយក្រៅពីទីផ្សារចិន និិងអឺរ៉ុប ខណៈតម្លៃតម្លៃក្នុងប្រទេសចិនមានតម្លៃខ្ទង់ ២មុឺនដុល្លារជាង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម