គ្រួសាររថយន្ត Mazda នឹងកាន់តែរីកធំឡើង ជាមួយការបន្ថែមនូវរថយន្តថ្មីម៉ូដែល Mazda CX-50 ដែលវាគឺស្ថិតនៅក្នុងចំណោមក្រុម Small Product និងប្រើប្រាស់គ្រោងឆ្អឹងដូចជារថយន្ត Mazda3 និង CX-30 ដែរ។
Mazda បានបង្ហាញចេញវីដេអូខ្លីមួយអំពីរថយន្ត CX-50 ដែលវាបានបង្ហាញអំពីការបើកបរនៅតាមផ្លូវព្រៃទឹកភ្លៀង និងបង្ហាញពីស្រមោលរបស់រថយន្តនៅពេលដែលបើកបរឆ្លងកាត់ជួរដើមឈើផងដែរ ហើយគេឃើញថារថយន្តនេះមានផ្ទុកទូកអុំកាយ៉ាក់មួយនៅលើដំបូល។
គួរដឹងថា Mazda ធ្លាប់បានប្រកាសអំពីវត្តមានរថយន្ត CX-50 នៅក្នុងសេចក្ដីប្រកាសកាលពីខែតុលា ដែលពេលនេះក្រុមហ៊ុនបាននិយាយថា CX-50 នឹងត្រូវផលិតនៅរោងចក្រ Mazda-Toyota នៅរដ្ឋ Alabama សហរដ្ឋអាមេរិក ហើយវាត្រូវបានឌីហ្សាញជាពិសេសសម្រាប់ទីផ្សារអាមេរិកខាងជើង។
តាមរយៈវីដេអូ Teaser ខ្លីបានបញ្ជាក់ថារថយន្ត CX-50 នឹងត្រូវបង្ហាញចេញជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ។ បន្ទាប់ពីប្រកាសចេញ Mazda ក៏គ្រោងប្រកាសចេញរថយន្ត CX-60, CX-70, CX-80 និង CX-90 ជាបន្ថែមផងដែរ ដោយពួកវានឹងផលិតសម្រាប់ទីផ្សារខុសៗគ្នា៕