[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Mazda EZ-6 ស៊េរីថ្មីចុងក្រោយ នៅទីផ្សារប្រទេសចិនជាមួយតម្លៃលក់ចាប់ពី ២២ ៦៩៥ ដុល្លារ ។
Mazda EZ-6 ស៊េរីថ្មីនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៥៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿន អាចសាកពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩២១ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៤៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩៥ ម.ម ខណៈផ្នែកខាងក្រៅមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។
ចំពោះនៅផ្នែកខាងក្នុងវិញ បានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ AR-HUD ទំហំ ៥០អ៉ីញ និងឧបករណ៍បំពងសំលេងម៉ាក Sony ១៤ចំនុច ជាដើម ។ បន្ថែមពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ 2.5 ដែលមានមុខងារប្រព័ន្ធជាច្រើនទៀតផង ៕