
បន្ទាប់ពីឃើញទីផ្សារនៃការលក់រថយន្តអគ្គិសនី Mazda EZ-6 របស់ខ្លួនទទួលបាននូវភាពជោគជ័យខ្លាំង ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការប្រកាសចេញនូវជម្រើស ឬក៏ម៉ូឌែលពិសេសរបស់ខ្លួនចំនួន ១ ទៀតហើយ មានឈ្មោះថា Mazda EZ-6 Sports Edition ។
រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង EPA របស់ Changan មានប្រវែងតួខ្លួនសរុប ៤ ៩២១ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៤៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩៥ ម.ម ។ វាមានចំនួន ២ជម្រើស រួមមាន EV និង EREV ដែល EV គឺអាចបើកបរបានចម្ងាយ ៤៨០ និង ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ចំណែក EREV វិញ អាចបើកបរបានចម្ងាយសរុបដល់ទៅ ១ ៣០១គីឡូម៉ែត្រ ឯណ្ណោះ។

សម្រាប់ការរចនារបស់ EZ-6 Sports Edition គឺមានភាពស្ព័រ និងសុីវិល័យជាង EZ-6 ធម្មតា និងត្រូវបានតុបតែងរូបរាងផ្នែកខាងក្រៅជាមួយពណ៌ខ្មៅសម្រាប់ផ្នែកសំខាន់ៗមួយចំនួនដូចជាកង់ និងកាង។ លើសពីនេះ វាក៏មានបំពាកមកជាមួយគម្របហ្វ្រាំងពណ៌ក្រហមផងដែរ។ ចំណែកផ្នែកខាងក្នុងកាប៊ីនវិញ មានកៅអី Alcantara ពណ៌ខ្មៅ ខណៈផ្នែកផ្សេងៗទៀតគឺមានភាពស្រដៀងនឹង EZ-6 ធម្មតាដែរ ប៉ុន្តែមិនទាន់ប្រកាសចេញនូវតម្លៃលក់នៅឡើយនោះទេ៕