Mazda ពន្យារពេលចេញ EV ដែលផលិតនៅជប៉ុន! អ៊ីចឹងតើអាចចេញម៉ូឌែល EV ទី៣ ផលិតនៅចិនដែរទេ?

ក្រុមហ៊ុន Mazda បានប្រកាសពន្យារពេលបញ្ចេញរថយន្តអគ្គិសនីដែលផលិតក្នុងស្រុកដំបូង រហូតដល់ឆ្នាំ២០២៩ ខណៈដែលក្រុមហ៊ុនជប៉ុនមួយនេះ កំពុងកាត់បន្ថយការវិនិយោគ EV ប្រហែល ៤០% ឯណោះរហូតដល់ឆ្នាំ២០៣០។

ជំនួសមកវិញ Mazda នឹងងាកទៅរកការផលិតម៉ាស៊ីនថ្មី គឺ Skyactiv-Z បំពាក់ជាមួយបច្ចេកវិទ្យា Hybrid ដែលនឹងដាក់នៅលើថយន្ត CX-5 នៅឆ្នាំ២០២៧។ សម្រាប់ម៉ាស៊ីនថ្មីនេះ Mazda ក៏គ្រោងបំពាក់នៅលើរថយន្តរបស់ខ្លួន ៣ម៉ូឌែលទៀតផងដែរ នៅត្រឹមរយៈពេល ៤ឆ្នាំទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា កន្លងមក Mazda បានសហការជាមួយក្រុមហ៊ុនចិន Changan ក្នុងការផលិតរថយន្តអគ្គិសនី EZ-6 និង EZ-60 សម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប អូស្រ្តាលី និងអាស៊ីអាគ្នេយ៍។ ប៉ុន្តែមិនអាចលោតចូលក្នុងទីផ្សារអាមេរិកបានឡើយ ព្រោះរថយន្តដែលផលិតនៅប្រទេសចិន ត្រូវជាប់ពន្ធនាំចូលអាមេរិករហូតដល់ ១០០%។

កាលពីឆ្នាំមុន Mazda បានប្រកាសផែនការផលិតរថយន្តអគ្គិសនីរបស់ខ្លួនជាលើកដំបូងក្នុងប្រទេសដើមកំណើតជប៉ុន នៅឆ្នាំ២០២៧ខាងមុខ ដែលអាចយកចូលទីផ្សារអាមេរិកបាន ខណៈដែល Mazda ក៏កំពុងសង់រោងចក្រអាគុយមួយនៅក្នុងទីក្រុង Iwakuni ប្រទេសជប៉ុន ដើម្បីផលិតម៉ូឌីល និងធុងអាគុយ ដែលមានក្រុមហ៊ុន Panasonic ជាអ្នកផ្គត់ផ្គង់ដ៏ធំ។ ប៉ុន្តែផែនការនេះ ត្រូវបាន Mazda សម្រេចពន្យារពេល២ឆ្នាំទៀត ដោយសារមើលឃើញការប្រែប្រួលនៃតម្រូវការរបស់អ្នកប្រើប្រាស់។ ដូច្នេះ យើងរង់ចាំមើលទាំងអស់គ្នា ថា Mazda នឹងបន្តចេញរថយន្តអគ្គិសនីទី៣ ដែលផលិតនៅប្រទេសចិន ដោយក្រុមហ៊ុន Changan ទៀត ឬយ៉ាងណា?

ផ្ទាំងផ្សាយពាណិជ្ជកម្ម