Mazda ឲ្យតម្រុយពីការពិឃាដរថយន្ត CX-8 ដោយនឹងដាក់ CX-80 មកជំនួស

នៅក្នុងឯកសារបង្ហាញអំពីលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទីពីរនៃឆ្នាំ២០២២ ដែលក្រុមហ៊ុន Mazda បានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញថាក្រុមហ៊ុននេះហាក់លែងអើពើនឹងរថយន្ត CX-8 សម្រាប់ទីផ្សារប្រទេសជប៉ុនទៀតហើយ។

Mazda បានបង្ហាញឈ្មោះម៉ូដែលរថយន្ត SUV មួយចំនួនដែលនឹងត្រូវដាក់លក់លើទីផ្សារសំខាន់ៗចំនួនបី ដែលមានអាមេរិកខាងជើង ជប៉ុន និងអឺរ៉ុប ដែលក្នុងនោះប្រទេសជប៉ុន Mazda នឹងដាក់លក់រថយន្ត SUV ចំនួន៦ រួមមានរថយន្ត CX-3, CX-30, MX-30, CX-5, CX-60 និង CX-80។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈការបង្ហាញនេះមានន័យថារថយន្ត CX-8 ដែលជា SUV កៅអីបីជួរនឹងលែងមានលក់តទៀតហើយ ហើយគេជឿជាក់ថារថយន្តនេះនឹងត្រូវចូលមកជំនួសដោយរថយន្ត CX-80 ដែលគ្រោងនឹងប្រកាសចេញឆាប់ៗខាងមុខនេះ។

ក្រៅពី CX-80 ដែលជារថយន្តម៉ូដែលថ្មី Mazda ក៏បានបង្ហាញចេញឈ្មោះរថយន្ត SUV ម៉ូដែលថ្មីផ្សេងទៀតដែលមានដូចជា CX-50, CX-60, CX-70 និង CX-90 ផងដែរ។ ក្នុងនោះ CX-50 នឹងលក់ផ្ដាច់មុខនៅសហរដ្ឋអាមេរិក ខណៈដែលរថយន្ត CX-70 និង CX-90 ក៏នឹងមានលក់លើទីផ្សារនេះដែរ។ ចំណែក CX-60 និង CX-80 នឹងដាក់លក់នៅអឺរ៉ុប និងនៅជប៉ុន។

បន្ថែមពីលើរថយន្តថ្មីនេះដែរ គេនៅឃើញមានវត្តមានរថយន្ត CX-3 នៅឡើយសម្រាប់ទីផ្សារប្រទេសជប៉ុននិងសហរដ្ឋអាមេរិក ខណៈដែលនៅអឺរ៉ុប នឹងលែងមានលក់រថយន្ត CX-3 តទៀតហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម