Mazda 2 ស៊េរីឆ្នាំ២០២២ បានបង្ហាញវត្តមានជាផ្លូវការ សម្រាប់ទីផ្សារនៅអឺរ៉ុប ជាមួយរូបរាងមើលទៅមានរូបរាងដូចទៅនឹងរថយន្ត Toyota Yaris Hybrid ដែលត្រូវបានគេជឿថាផ្លាស់ប្តូរតែតែមឡូហ្គូដាក់ Mazda ប៉ុណ្ណោះ។
សម្រាប់រថយន្ត Mazda 2 ប្រើប្រាស់ជម្រើសម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ ទំហំ ៣ស៊ីទ្បាំង ដំណើរការរួមគ្នាជាមួយនឹងម៉ូរទ័រអគ្គិសនី ផលិតកម្លាំង ១១៤សេះ។ វាអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៩,៧វិនាទី។
លើសពីនេះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងចំំនួន ៣,៨-៤លីត្រ និងមានការបំភាយឧស្មន័កាបូនិចចន្លោះពី ៨៧ក្រាម-៩៣ក្រាម ក្នុងចម្ងាយមួយគីឡូម៉ែត្រ។
សម្រាប់រថយន្ត Mazda 2 ផ្តល់នូវជម្រើស ៣ ម៉ូឌែល រួមមាន Pure, Agile និង Select ដែលគ្រោងនឹងដាក់លក់នៅឆ្នាំ២០២២ ខាងមុខនេះ។
សូមបញ្ជាក់ថាក្រុមហ៊ុនតូយ៉ូតាខ្លួនឯងបានអនុញ្ញាត្តអោយក្រុមហ៊ុន Mazda បំពាក់ឡូហ្គូលើរថយន្ត Mazda 2 ដែលជារថយន្ត Toyota Yaris សម្រាប់ទីផ្សារអាមេរិចតាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២០ ៕