Mazda 3 ប្រភេទ SUV ជិះ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង ៦ លីត្រ

Mazda CX-30 គឺ​ជា​ប្រភេទ​រថយន្ត​ SUV ផលិត​ចេញ​ពី Mazda 3 ប្រភេទ Hatchback។ វា​បាន​លេច​មុខ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​កាល​ពី​ដើម​ឆ្នាំ ២០១៩ ហើយ​ពេល​នេះ​លក្ខណៈ​សម្បត្តិ​របស់​វា​ត្រូវ​បាន​បង្ហាញ​ហើយ។

​​Mazda CX-30 មាន​បំពាក់​ម៉ាស៊ីន​ដូច​ជា​ Mazda 3 ដែរ រួម​មាន​ម៉ាស៊ីន​សាំង​ SkyActiv-G ចំណុះ ២,០ លីត្រ មាន ៤ ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន​ ១២២ សេះ ជិះ​ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង​ចន្លោះ​ពី ៦,២ ទៅ ៧,៣ លីត្រ​ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​ក៏​មាន​ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត​ផង​ដែរ ដែល​ជា SkyActiv-D មាន​ម៉ាស៊ីន​ចំណុះ ១,៨ លីត្រ អាច​ផលិត​កម្លាំង​បាន​ ១១៦ សេះ និង​ប្រើ​ប្រាស់​ម៉ាស៊ូត​ចន្លោះ​ពី ៥,១ លីត្រ ទៅ ៦,៦ លីត្រ​ ចំពោះ​ការ​បើកបរ​ចម្ងាយ​ ១០០ គ.ម។

​​​​ម៉ាស៊ីន​គ្រប់​ប្រភេទ​មាន​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ដៃ និង​ស្វ័យប្រវត្តិ ៦ វគ្គ រួម​ជា​មួយ​ជម្រើស​បើកបរ​ប៉ុង​ពីរ i-Active ផង​ដែរ។ ពី​ខាង​ក្នុង​មាន​អេក្រង់​ទំហំ ៨,៨ អ៊ីញ អាច​ភ្ជាប់​ជា​មួយ Apple CarPlay និង Android Auto ហើយ​ក៏​មាន​ Head-Up Display ផង​ដែរ។

មាន​មក​ស្រាប់​លើ​រថយន្ត​មាន​ដូច​ជា​ពោង​សុវត្ថិភាព ៧, មុខងារ​ជំនួយ​អ្នក​បើកបរ​ដូច​ជា​ប្រព័ន្ធ​ហ្វ្រាំង​បន្ទាន់​ស្វ័យប្រវត្តិ, Adaptive Cruise Control, ប្រព័ន្ធ​​រក្សា​គន្លង​ផ្លូវ, ប្រព័ន្ធ Blind Spot, ប្រព័ន្ធ High Beam ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​ដាស់​តឿន​អ្នក​បើកបរ​ជា​ដើម។

រថយន្ត​ Mazda CX-30 រំពឹង​ថា​នឹង​ចេញ​លក់​ចុង​ឆ្នាំ ២០១៩ នេះ ដោយ​តម្លៃ​លក់​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម