Mazda CX-30 ឆ្នាំ២០២២ ថែមប្រភេទ Carbon Edition ថ្មី ប្រើប៉ុងពីរស្តង់ដារ តម្លៃចាប់ពី ២,២ម៉ឺនដុល្លារ

[ទីផ្សាររថយន្តបរទេស] ក្រុមហ៊ុន Mazda បានប្រកាសចេញរថយន្ត CX-30 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដែលវានឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាដើមខែក្រោយនេះតែម្តង។ ឥឡូវនេះ CX-30 នឹងមានបំពាក់ប៉ុងពីរមកស្តង់ដារ ដែលជាលទ្ធផលធ្វើឲ្យតម្លៃឡើងថ្លៃផងដែរ។

រថយន្ត Mazda CX-30 2.5 S ឆ្នាំ២០២២ ដែលជាម៉ូដែល Option ទាបបំផុត មានតម្លៃចាប់ពី ២២ ២០០ដុល្លារ ថ្លៃជាងម៉ូដែលប្រើប៉ុងមួយកាលពីឆ្នាំមុន ១៥០ដុល្លារ ប៉ុន្តែអ្វីដែលសំខាន់ វាថោកជាងម៉ូដែលប្រើប៉ុងពីរកាលពីឆ្នាំមុន ដល់ទៅ ១ ២៥០ដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រឹតតែពិសេសទៅទៀតនោះ ក្រុមហ៊ុន Mazda បានបន្ថែមម៉ូដែលថ្មី CX-30 2.5 S Carbon Edition ដែលមានពណ៌ប្រផេះ Polymetal Gray រំលេចដោយការតុបតែងពណ៌ខ្មៅរលោង និងយ៉ាន់កង់ទំហំ ១៨អ៊ីញពណ៌ខ្មៅទៀតផង។ ចំណែកឯផ្នែកខាងក្នុង វាមានបំពាក់ពូកស្បែកពណ៌ក្រហម និងលក្ខណៈពិសេសដូចទៅនឹងម៉ូដែល CX-30 2.5 S Preferred ដែរ។

យ៉ាងណាមិញ គ្រប់ម៉ូដែលទាំងអស់នៃ Mazda CX-30 ឆ្នាំ២០២២ នឹងបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៦សេះ និងកម្លាំងរមួល ២៥២ញ៉តុនម៉ែត្រ ខណៈអតិថិជនក៏អាចជ្រើសរើសយក Option ម៉ាស៊ីនមួយទៀត គឺ ចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៧សេះ និងកម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម