Mazda CX-60 បង្ហាញរាងលើដងផ្លូវ មុនការប្រកាសចេញជាផ្លូវការខែក្រោយ

[ទីផ្សារបរទេស] រថយន្ត Mazda CX-60 ត្រូវបានប្រទះឃើញបើកបរសាកល្បងនៅលើដងផ្លូវដោយមានបិទបាំងការឌីហ្សាញយ៉ាងជិត ដោយរថយន្តនេះគ្រោងនឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី០៨ ខែមីនាខាងមុខនេះ។

តាមរយៈរូបភាពដែលគេថតបាន បង្ហាញឲ្យឃើញថារថយន្ត CX-60 នេះមានបំពាក់ផ្ទាំងប៉ាណាដែលលេចធ្លោ ដែល​មានផ្សារភ្ជាប់ជាមួយភ្លើងបំភ្លឺពេលថ្ងៃដែលមានរូបរាងស្ដើង ដែលភ្លើងបំភ្លឺពេលថ្ងៃនេះក៏នឹងដើរតួជាភ្លើងឲ្យសញ្ញានៅពេលប្ដូរទិសដៅផងដែរ។ នៅផ្នែកខាងក្រោយក៏មានប្រើអំពូលឌីហ្សាញរាងស្ដើងផងដែរ ហើយ​វាមានបំពាក់បំពង់ស៊ីមាំងតូចចំនួនបួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបំពាក់បំពង់ស៊ីមាំងច្រើននេះ បញ្ជាក់​ពី​ថាមពលខ្លាំងក្លារបស់ Mazda CX-60 ដោយវានឹងមានផ្ដល់ជូននូវជម្រើស PHEV ជាលើកដំបូង។ ប្រព័ន្ធ PHEV នេះមានគួបផ្សំដោយម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីជួយផ្ដល់កម្លាំង ដែលផលិតកម្លាំងបានសរុប ២៩៦សេះ។

Mazda បានបង្ហើបឲ្យដឹងប្រព័ន្ធ PHEV លើរថយន្ត Mazda CX-60 នឹងផ្ដល់ជូនបទពិសោធន៍​បើកបរដែលរលូនល្អ សន្សំសំចៃប្រេងឥន្ធនៈ និងផ្ដល់ថាមពលខ្លាំងក្លាថែមទៀតផង។

ក្រៅពី PHEV រថយន្តម៉ូដែលថ្មីនេះក៏មានផ្ដល់ជូនជាជម្រើសម៉ាស៊ីន៦ស៊ីឡាំង Skyactiv-X ដែលជាម៉ាស៊ីនប្រេងសាំង និង Skyactiv-D ដែលជាប្រភេទម៉ាស៊ីនម៉ាស៊ូត។ ទាំងពីរប្រភេទនេះនឹងមានបញ្ចូលនូវប្រព័ន្ធ Hybrid ពាក់កណ្ដាលសម្រាប់ការបើកបរដែលសន្សំសំចៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម