ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់រថយន្ត Mazda CX-70 ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៤០ ៤៤៥ ដុល្លារ ថ្លៃជាងម៉ូដែល CX-90 ដែលមានតម្លៃ ៣៧ ៨៤៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។
Mazda CX-70 ស៊េរីឆ្នាំ ២០២៥ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖
- បំពាក់ជាមួយម៉ាស៊ីនកូនកាត់ plug-inHybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Skyactiv អាចផលិតកម្លាំងបាន ៣២៣ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនកម្លាំង ៩១សេះ និងអាគុយទំហំ ១៧,៨គីឡូវ៉ាត់ម៉ោង ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ។
- ម៉ាស៊ីនកូនកាត់ hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៣,៣លីត្រ អាចផលិតកម្លាំងបាន ៣៤០ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។
Mazda CX-70 ស៊េរីថ្មីនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត CX-90 នឹងបានភ្ជាប់មកជាមួយលក្ខណៈបែបស្ព័រ និងទំនើបជាងមុន ដោយប៉ាណាមុខត្រូវបានឌីស្សាញថ្មីបែបសំណាញ់ពណ៌ខ្មៅ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញពណ៌ខ្មៅផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Mazda Connect និងមុខងារ Apple CarPlay/Android Auto ជាដើម ៕