Mazda MX-30 ស៊េរីឆ្នាំ២០២២ មិនខ្ចីដំឡើងទំហំអាគុយ ប៉ុន្តែសាកភ្លើងលឿនជាងមុន១០នាទី

[ទីផ្សារបរទេស] Mazda បានធ្វើការអាប់ដេតរថយន្តអគ្គិសនី MX-30 របស់ខ្លួន ហើយត្បិតថាមិនបានដំឡើងទំហំ​អាគុយ​ ប៉ុន្តែ​វា​ត្រូវបានធ្វើ​ឲ្យ​ប្រសើរ​ឡើង​ត្រង់​ការកាត់បន្ថយរយៈពេលនៃការសាកភ្លើង។

រថយន្ត MX-30 នៅតែប្រើប្រាស់អាគុយ ៣៥,៥kWh និងអាចបើកបរបានចម្ងាយប្រមាណ ២០០គីឡូម៉ែត្រដោយផ្អែកតាមការធ្វើតេស្តរបស់ WLTP ខណៈដែលការធ្វើតេស្តរបស់ EPA អាចបើកបរបានចម្ងាយ ១៦១គីឡូម៉ែត្រ។ ដោយឡែករយៈពេលនៃការសាកភ្លើងត្រូវបានកាត់បន្ថយពី ៣៦នាទី មកនៅត្រឹម ២៦នាទី ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះដែរ Mazda ក៏បានធ្វើការផ្លាស់ប្ដូរលើសំឡេងនៅពេលបើកបរដើម្បីអាចឲ្យអ្នកប្រើប្រាស់ដឹងអំពីទំហំនៃកម្លាំងបង្វិលដែលបាន​ផ្ដល់​ដោយម៉ូទ័ររថយន្តអគ្គិសនី ដោយសំឡេងដែលបញ្ចេញមកត្រូវបានឌីហ្សាញឲ្យស៊ីគ្នានឹងសំឡេងរបស់រថយន្តទូទៅ ដូចជាសំឡេងផ្លូវ និងសំឡេងខ្យល់ជាដើម។

រថយន្តស៊េរីថ្មីក៏មានផ្ដល់ជូនជម្រើសពណ៌ក្រៅ និងពណ៌ក្នុងថ្មីជាច្រើនផងដែរ ប៉ុន្តែក្រុមហ៊ុន Mazda មិនបានរំលឹកអំពីការផ្លាស់ប្ដូរធំមួយដែលគ្រោងនឹងកើតមានលើរថយន្ត MX-30 នោះទេ។ គួរដឹងថាកាលពីខែមេសា Mazda បញ្ជាក់ថាម៉ាស៊ីនសាំងដែលផ្ដល់ជំនួយដល់ម៉ូទ័រអគ្គិសនីសម្រាប់ MX-30 នឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម