Mazda ប្រកាសចេញកូនឡានតម្លៃជាង ៨ពាន់ដុល្លារ

Mazda បានបង្ហាញចេញរថយន្ត Carol ដែលជារថយន្តខ្នាតតូចជំនាន់ទី៨សម្រាប់ទីផ្សារប្រទេសជប៉ុន ដែលមានភ្ជាប់មកជាមួយនូវប្រព័ន្ធម៉ាស៊ីន Hybrid កាន់តែសន្សំសំចៃប្រេងឥន្ធនៈបានល្អប្រសើរជាងមុន។

រថយន្ត Carol ត្រូវបានប្រកាសចេញដំបូងក្នុងឆ្នាំ១៩៦២ ក្នុងនាមជារថយន្តបើកបរក្នុងក្រុងដំបូងរបស់ Mazda ដោយចាប់ពីឆ្នាំ១៩៨០ មកទល់បច្ចុប្បន្នរថយន្តនេះត្រូវបានផលិតដោយក្រុមហ៊ុន Suzuki ក្នុងទ្រង់ទ្រាយជារថយន្ត Suzuki Alto ដែលបានផ្លាស់ប្ដូរម៉ាកមកជា Mazda។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុដូចនេះហើយទើបរថយន្ត Carol ជំនាន់ថ្មី មានរូបរាងមិនខុសពីរថយន្ត Alto នោះឡើយ ដោយវាមានទំហំប្រវែង ៣៣៩៥ម.ម មានទទឹង ១៤៧៥ម.ម មាន​កម្ពស់ ១៥២៥ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៤៦០ម.ម។

រថយន្តនេះមានចំនួនបីប្រភេទគឺ GL, Hybrid GS និង Hybrid GX ដោយប្រភេទដំបូងគេមានប្រើម៉ាស៊ីន ៦៦០សេសេ ផលិតកម្លាំងបាន ៤៨សេះ ចំណែកប្រភេទ Hybrid មានបន្ថែមនូវម៉ូទ័រនិងអាគុយដែលផ្ដល់ជូនកម្រិតស៊ីប្រេងប្រមាណ ៣,៦១លីត្រ ក្នុងការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

រថយន្ត Mazda Carol នឹងមានដាក់លក់នៅប្រទេសជប៉ុនចាប់ពីពាក់កណ្ដាលខែមករា ឆ្នាំ២០២២ ដោយតម្លៃមានចាប់ពីប្រមាណ ៨ ៧៣០ដុល្លារ ឡើងដល់ប្រមាណ ១១ ៤០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម