Mazda សម្រេចបញ្ចប់ជីវិតឡានអគ្គិសនីសុទ្ធ Mazda MX-30 នៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានសម្រេចបញ្ចប់ជីវិត Mazda MX-30 ប្រភេទអគ្គិសនីនៅលើទីផ្សារយក្សអាមេរិចដោយសារតែរថយន្តនេះបានធ្លាក់ចំនួនការលក់យ៉ាងខ្លាំង ដោយក្នុងឆ្នាំ២០២៣ នេះគិតមកដល់ពេលនេះលក់ទើបបានចំនួន ៦៦ គ្រឿងប៉ុណ្ណោះ និងដោយសារថយន្តនេះតម្លៃថ្លៃតែអាចបើកបរបានត្រឹមចម្ងាយតែ ១៦១ គីឡូម៉ែត្រប៉ុណ្ណោះក្នុងការសាកថ្មពេញម្តង។

សម្រាប់នៅលើទីផ្សារអាមរិចឡាន MX-30 នេះគឺមានតម្លៃចាប់ពី ៣៤ ១០០ ដុល្លារឡើងទៅ ដោយត​ម្លៃនេះមិនទាន់បូកបញ្ជូលថ្លៃដឹក ១ ២៧៥ ដុល្លារនៅឡើយទេ ហើយបើគិតទាំងតម្លៃ និងចម្ងាយ បើធៀបទៅនឹងឡានអគ្គិសនីដែលកំពុងលក់នៅស្រុកយើងគឺមានតម្លៃថោកជាង និងជិះបានចម្ងាយឆ្ងាយជាងផងដែរ​នៅពេលសាកពេញម្តងជាក់ស្តែងដូច MG 4 ឬ BYD e2 ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Mazda MX-30 គឺជារថយន្តប្រភេទ Crossover ដែលត្រូវបានរចនាឡើងដោយលោក Yoichi Matsuda ដែលត្រូវបានចាប់ផ្តើមដាក់លក់នៅឆ្នាំ ២០២០ ដោយបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន១ ផលិតកម្លាំងបាន ១៤៣ សេះ ផ្គួបជាមួយកញ្ចប់អាគុយលីដ្យូមទំហំ ៣៥,៥ គីឡូវ៉ាត់ម៉ោង ជួយអោយបើកបរបានចម្ងាយ ១៦១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

គួរបញ្ជាក់ផងដែរថា ថ្វីបើ Mazda MX-3 ប្រភេទអគ្គិសនីត្រូវបាន Mazda បញ្ចប់ជីវិតពិតមែន ប៉ុន្តែរថយន្តនេះក៏មានជម្រើសម៉ូឌែលប្រភេទ Plug-in Hybrid ដែលអោយឈ្មោះថា​ R-EV នៅបន្តលក់ដដែល ហើយ Mazda ក៏នឹងផ្តោតបន្ថែមទៅលើរថយន្តម៉ូឌែលថ្មីៗរបស់ខ្លួនវិញជាក់ស្តែងដូចជា CX-50 hybrid, CX-90 PHEV និង CX-70 ដែលចេញលក់ឆាប់ៗនៅទីផ្សារយក្សមួយនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម