ផ្អែកតាមការចុះផ្សាយរបស់ Autocar បានឲ្យដឹងក្រុមហ៊ុនរថយន្តរបស់ជប៉ុន Mazda នឹងផលិតរថយន្ត Mazda2 ដោយយកលំនាំតាមរថយន្ត Toyota Yaris (ប្រភេទ Spec អឺរ៉ុប) សម្រាប់លក់លើទីផ្សារអឺរ៉ុបនៅដើមឆ្នាំ ២០២២។
ប្រភពខាងលើបានចុះផ្សាយដោយភ្ជាប់មកជាមួយឯកសារផ្លូវការដែលបាននិយាយថា រថយន្តដែលផលិតឡើងតាមលំនាំ Yaris THS នឹងប្រកាសចេញនៅក្នុងពេល២ឆ្នាំទៀត។ រថយន្ត Mazda2 ថ្មីនឹងត្រូវផលិតនៅរោងចក្រនៅភាគខាងជើងនៃប្រទេសបារាំងជាមួយនឹងរថយន្ត Yaris ដែលវានឹងមកជំនួសរថយន្ត Mazda2 ដែលមានលក់បច្ចុប្បន្នដែលបានប្រកាសចេញតាំងពីឆ្នាំ ២០១៤។
គួរដឹងថាពីមុនមក Toyota ក៏ធ្លាប់ផលិតរថយន្ត Toyota Yaris ដោយយកលំនាំតាមរថយន្ត Mazda2 ផងដែរ សម្រាប់លក់នៅទីផ្សារសហរដ្ឋអាមេរិក។ យ៉ាងណាក្ដី Toyota បានផ្លាស់ប្ដូររចនាបថរថយន្ត Yaris ចាប់ពីស៊េរីឆ្នាំ ២០២០ ទៅ៕