ជួបនិយាយជាមួយវិបសាយ Car and Driver លោក Mike Flewitt ជានាយកប្រតិបត្តិរបស់ McLaren បានបង្ហាញថាគ្រោងឆ្អឹងរថយន្តជំនាន់ថ្មីនឹងត្រូវប្រកាសនៅអំឡុងពាក់កណ្ដាលឆ្នាំក្រោយ។
លោកបានបង្ហាញថារថយន្តថ្មីដំបូងដែលប្រើគ្រោងឆ្អឹងថ្មី នឹងត្រូវប្រកាសចេញមុនដាច់ឆ្នាំ ២០២០ ហើយនៅចេញលក់លើទីផ្សារសហរដ្ឋអាមេរិកនាដើមឆ្នាំ ២០២១។ នៅរយៈពេល ៣ ទៅ ៤ ឆ្នាំបន្ទាប់ ត្រកូលរថយន្ត McLaren នឹងប្រើម៉ាស៊ីនសាំងគួបនឹងអគ្គិសនីទាំងអស់ផងដែរ។
មួយក្នុងចំណោមរថយន្តម៉ូដែលថ្មីគឺនឹងជារថយន្តមហាកម្លាំង ដែលអាចបង្កើនសន្ទុះពី ០ ដល់ ៩៦ គ.ម/ម៉ ដោយប្រើពេលតែ ២,៣ វិនាទីប៉ុណ្ណោះ។ លោកនាយកប្រតិបត្តិបានប្រាប់ទៀតថា រថយន្តថ្មីនឹងនឹងមានបំពាក់ប្រព័ន្ធបើកបរវិលកង់ទាំងអស់ ហើយវាទំនងជាប្រើម៉ាស៊ីន ៨ ស៊ីឡាំង ចំណុះ ៤,០ លីត្រ Twin-Turbo ដូចមុន។ ប៉ុន្តែក្រុមហ៊ុនកំពុងអភិវឌ្ឍម៉ាស៊ីន ៦ ស៊ីឡាំង ថ្មីមានទម្ងន់ស្រាល សមជាមួយប្រព័ន្ធ Hybrid៕