Mercedes នឹងចាប់ផ្ដើមដឹកជញ្ជូនឡានមហាកម្លាំង AMG One ឲ្យអតិថិជននៅឆ្នាំ ២០២១

អ្នក​ដឹក​នាំ​ផ្នែក​គ្រប់គ្រង​ផលិតផល​របស់ Mercedes-AMG បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​បាន​ប្រាប់​ដល់​អតិថិជន​អំពី​ការ​ពន្យារពេល​នៃ​ការ​ដឹក​ជញ្ជូន​រថយន្ត​ AMG One រួច​ហើយ ដោយ​វា​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ឆ្នាំ ២០២១។

នេះ​ជា​ការ​បញ្ជាក់​ជា​លើក​ដំបូង​ពី Mercedes-AMG ក្រោយ​មាន​ការ​ចុះ​ផ្សាយ​អំពី​ការ​ពន្យារ​ពេល​នេះ ដោយ​សារ​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​ម៉ាស៊ីន F1។ Michael Knoller ប្រធាន​ផ្នែក​គ្រប់​គ្រង​ផលិតផល​បាន​និយាយ​ថា ៖ “​នៅ​ពេល​ដែល​អ្នក​ចង់​ឲ្យ​បច្ចេកវិទ្យា​ F1 អាច​ប្រើ​ប្រាស់​លើ​ដង​​ផ្លូវ​ធម្មតា​បាន​នោះ អ្នក​ត្រូវ​ធ្វើ​ការ​ពុះពារ។ យើង​បាន​ជួប​​បញ្ហា​ខ្លះ ប៉ុន្តែ​ពេល​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mercedes-AMG One គឺ​មាន​ប្រើ​ប្រាស់​នូវ​ម៉ាស៊ីន​ដូច​រថយន្ត​ប្រណាំង F1 ឆ្នាំ ២០១៧ ដែល​វា​ប្រើ​ប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន Hybrid ចំណុះ ១,៦ លីត្រ ៦ ស៊ីឡាំង។ វា​នឹង​មាន​បច្ចេកវិទ្យា​ Turbocharger, ម៉ូទ័រ​អគ្គិសនី MGU-K, អាគុយ​បញ្ចុះ​កម្ដៅ​ដោយ​ទឹក​ ជា​ដើម។

Mercedes សន្យា​ថា​រថយន្ត AMG One នេះ​អាច​បង្កើត​សន្ទុះ​ពី ០ ដល់ ២០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​មិន​ដល់ ៦ វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣៥០ គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម