Mercedes នឹងឈប់ផលិតឡានលេខដៃ ដើម្បីកាត់បន្ថយការចំណាយ

Mercedes បាន​ប្រកាស​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ការ​ចំណាយ​ដ៏​ធំ​របស់​ខ្លួន ដើម្បី​អាច​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​ជាង​មុន។

ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​មួយ​នេះ​នឹង​​បញ្ឈប់​ការ​ផលិត​រថយន្ត​ប្រើ​ប្រអប់​លេខ​ដៃ និង​កាត់​បន្ថយ​រថយន្ត​ម៉ាស៊ីន​សាំង​ឲ្យ​បាន​ចំនួន ៤០% នៅ​ត្រឹម​ឆ្នាំ ២០២៥ ហើយ​នឹង​កាត់​បន្ថយ​ឲ្យ​បាន​ដល់ ៧០% នៅ​ត្រឹម​ឆ្នាំ ២០៣០។ ​​គោលដៅ​គឺ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ និង​ថ្លៃ​ចំណាយ​លើ​​ផ្នែក R&D ឲ្យ​បាន​ជាង ២០% នៅ​ត្រឹម​ឆ្នាំ ២០២៥។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក​ Markus Schaefer នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mercedes-Benz បាន​និយាយ​ថា ៖ “ខណៈ​ដែល​យើង​នឹង​ពង្រីក​សែ​ស្រឡាយ​រថយន្ត​អគ្គិសនី​ឲ្យ​បាន​លើស​ពី​ ៥០% ​នៃ​ចំនួន​លក់​លើ​​ទូទាំង​សកល​​នៅ​ត្រឹម​ឆ្នាំ ២០៣០​ ការ​បណ្ដាក់​ទុន​លើ​រថយន្ត​ម៉ាស៊ីន​សាំង​នឹង​ត្រូវ​ធ្លាក់​ចុះ​លឿន​បំផុត ដោយ​ចំនួន​ប្រភេទ​រថយន្ត​ម៉ាស៊ីន​សាំង​របស់​យើង​នឹង​ត្រូវ​​កាត់​បន្ថយ​ឲ្យ​បាន ៧០% នៅ​ត្រឹម​ឆ្នាំ ២០៣០។”

យ៉ាងណាក្ដី ​Mercedes មិន​បាន​បញ្ជាក់​នោះ​ទេ​ថា​ម៉ូដែល​ណា​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​មុន​គេ​ ពេល​ដែល​​វិធានការ​​ទាំង​នេះ​ចាប់​ផ្ដើម​អនុវត្តន៍​នោះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម