[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-Benz នឹងប្រតិបត្តិការរោងចក្រផលិតតែរថយន្តអគ្គិសនីសុទ្ធនៅត្រឹមចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ខាងមុខនេះ។
បច្ចុប្បន្ននេះ Mercedes បានផលិតរថយន្តអគ្គិសនីនៅក្នុងរោងចក្រដែលមានផលិតរថយន្តប្រើម៉ាស៊ីនពីស្តុង ប៉ុន្តែរឿងនេះនឹងត្រូវផ្លាស់ប្ដូរក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។ នេះបើតាមការលើកឡើងរបស់ប្រធានផ្នែកផលិតផលឈ្មោះ Joerg Burzer ដែលបាននិយាយប្រាប់ Reuters។
Mercedes បានលក់រថយន្តសរុប ២ ០៥៤ ៩៦២គ្រឿង នៅពេញមួយឆ្នាំ២០២១ ហើយ ២,៣% នៃចំនួនលក់នេះគឺជារថយន្តអគ្គិសនីសុទ្ធ ខណៈដែល ១១% គឺជារថយន្តប្រភេទ PHEV។ ចំនួនលក់រថយន្តអគ្គិសនី និង Hybrid របស់ក្រុមហ៊ុន រំពឹងថានឹងមានការកើនឡើងគួរកត់សម្គាល់ ក្រោយពីរថយន្តអគ្គិសនីច្រើនម៉ូដែលបានប្រកាសចេញជាបន្តបន្ទាប់។
រថយន្តអគ្គិសនីបន្ទាប់របស់ Mercedes-Benz ដែលនឹងទៅដល់អតិថិជនឆាប់ៗនេះនឹងជារថយន្ត EQE ដែលការផលិតបានចាប់ផ្ដើមនៅចុងឆ្នាំនេះនៅរោងចក្រ Breman នៅប្រទេសអាល្លឺម៉ង់ បន្ទាប់មកទើបពង្រីកដល់រោងចក្រនៅទីក្រុងប៉េកាំង និងនៅ Tuscaloosa៕