Mercedes ជឿជាក់ថានឹងនៅតែអាចលក់ឡានបានច្រើននៅប្រទេសចិន

ក្រុមហ៊ុន Daimler ដែលជាក្រុមហ៊ុនមេរបស់ Mercedes-Benz បាន​បង្ហាញ​ភាពជឿជាក់ថា​ចំនួន​លក់​នៅ​ប្រទេសចិន​នឹង​នៅ​តែ​មាន​កំណើន​នៅ​ឆ្នាំ​ក្រោយនេះ ហើយក្រុមហ៊ុនក៏ជឿជាក់ថាចំនួន​លក់​រថយន្តអគ្គិសនី​របស់​នឹង​មាន​ការ​កើនឡើងដូចគ្នា។

ចំនួនលក់របស់ Mercedes-Benz នៅប្រទេសចិនបានកើនឡើង ១២% នៅពេញមួយ​ឆ្នាំ​២០២០ ដោយ​អាច​លក់ចេញបានសរុប ៧៧៤ ០០០គ្រឿង ទោះបីជាមានការផ្ទុះជំងឺឆ្លងរាតត្បាតក្ដី។ ហើយនៅឆ្នាំ២០២១នេះ ការលក់​របស់​ក្រុមហ៊ុនក៏ឃើញ​មាន​សញ្ញា​វិជ្ជមាន ៨% ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើតាមសម្ដីរបស់លោក Hubertus Troska ដែលជានាយកក្រុមហ៊ុន Daimler លោកបាននិយាយថាឆ្នាំ២០២២ នឹង​នៅ​តែ​បន្ត​មាន​ការរីកចម្រើន​ដូច​ឆ្នាំ​មុនៗដែរ​សម្រាប់ទីផ្សារនៅប្រទេសចិន។ លោកទទួលស្គាល់ថារថយន្តអគ្គិសនីរបស់ Mercedes នៅ​អាចលក់ចេញបានតិចតួចនៅប្រទេសចិន ដោយសារទីផ្សារប្រទេសចិនមានរថយន្តអគ្គិសនីដែលលក់ធូរថ្លៃ។

យ៉ាងណាក្ដី​ Daimler មានគម្រោងនឹងប្រកាសចេញរថយន្តអគ្គិសនី​ថ្មី​ឲ្យបានច្រើនម៉ូដែល​នៅ​ឆ្នាំ​បន្តបន្ទាប់ខាងមុខ ដោយក្នុងនោះ​មានទាំងរថយន្តដែលផលិតឡើងផ្ដាច់មុខសម្រាប់ទីផ្សារប្រទេសចិនផងដែរ។

ដោយឡែកទាក់ទងនឹងរថយន្តម៉ាស៊ីនពីស្តុង ក្រុមហ៊ុននៅមិនទាន់មានផែនការដកចេញនៅ​ឡើយទេ ព្រោះ​លោក Hubertus យល់ឃើញ​ថារថយន្តប្រភេទនេះ​នៅ​មាន​សារៈសំខាន់​នៅ​ឡើយ​សម្រាប់ប្រទេសចិន​ដែលមានទំហំធំ និងមានចម្ងាយផ្លូវឆ្ងាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម