ក្រុមហ៊ុន Mercedes-Benz មានប្រវត្តិដ៏យូរអន្លង់ និងអស្ចារ្យបំផុតមួយ ក្នុងការបង្កើតម៉ាស៊ីន V12 ប៉ុន្តែរឿងរ៉ាវបានខុសប្លែកគ្នាបន្តិច នៅក្នុងអំឡុងឆ្នាំ១៩៩០ ដោយពេលនោះក្រុមហ៊ុនអាល្លឺម៉ង់មួយនេះចង់បង្កើតម៉ាស៊ីនទំហំ ១៨ស៊ីឡាំង (W18)។
នៅពេលនោះ Mercedes កំពុងផលិតរថយន្ត S-Class (W140) ហើយចង់បង្កើតម៉ូដែលថ្មីគឺ 800 SEL ខណៈក្រុមវិស្វករចាប់ផ្តើមនឹកឃើញដល់ម៉ាស៊ីនចំណុះ ៨,០លីត្រ W18 ដែលត្រូវគេហៅថា M216។
ដើម្បីញាត់ម៉ាស៊ីនដ៏ធំសម្បើមនេះដាក់ចូលទៅក្នុងរថយន្ត S-Class បាន ក្រុមហ៊ុន Mercedes បានរៀបម៉ាស៊ីនទំហំ ៦ស៊ីឡាំងចំនួន៣ ជារាងអក្សរ W ដោយស៊ីឡាំងនិមួយៗមានមុំ ៧៥,៥ដឺក្រេ។ យោងតាមគេហទំព័រ Autobild អះអាងថា ម៉ាស៊ីននេះអាចបង្កើតកម្លាំងដល់ ៦៨០សេះឯណោះ៕