[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes បានបង្ហាញចេញផែនការអាជីវកម្មថ្មី ដែលនឹងទឹកប្រាក់ ៧៥% នៃគម្រោងវិនិយោគ ទៅវិនិយោគលើរថយន្តប្រណីតផុតលេខដើម្បីបង្កើនប្រាក់ចំណេញឲ្យបាន ៦០% គិតចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៦ ហើយរថយន្តតម្លៃទាបនឹងត្រូវកាត់បន្ថយ។
ផែនការផលិតផលថ្មីរបស់ Mercedes មានចែកចេញជាបីកម្រិត រួមមាន Entry Luxury, Core Luxury និង Top-End Luxury ខណៈដែល Mercedes ក៏នឹងប្រកាសចេញម៉ាករថយន្តផ្ដាច់មុខថ្មីផលិតមានកំណត់ ដែលមានឈ្មោះថា Mythos ដែលម៉ាកនេះនឹងចូលរួមជាមួយ Maybach, AMG, G Glass និង EQ ដែលមានស្រាប់។
ទន្ទឹមនឹងនោះដែរ រថយន្តមួយម៉ូដែលទៀត ដែលនឹងត្រូវបញ្ចូលក្នុងកម្រិត Top-End Luxury គឺជារថយន្ត G-Class អគ្គិសនីសុទ្ធ ដែលជារថយន្តដំបូងរបស់ Mercedes មានប្រើប្រាស់អាគុយដ៏ពិសេសដែលផ្គត់ផ្គង់ដោយ Sila Nanotechnologies។
ចូលដល់កម្រិតរថយន្ត Core Luxury ដែលជាកម្រិតលក់បានច្រើនជាងគេ នៅពេលបន្ទាប់ទៀតនឹងត្រូវផ្ដោតលើរថយន្ត E-Class ជំនាន់ថ្មី ដែលនឹងបង្ហាញវត្តមានឆ្នាំក្រោយ។ មិនតែប៉ុណ្ណោះក៏មានរថយន្តអគ្គិសនីថ្មីៗមួយចំនួនត្រូវបន្ថែមចូល Core Luxury នេះផងដែរ។
ដោយឡែកសម្រាប់កម្រិត Entry Luxury នឹងទទួលបានការវិនិយោគមិនដល់ ២៥% ឡើយ នៃទំហំវិនិយោគសរុប ដោយ Mercedes ចង់កាត់បន្ថយរថយន្តប្រភេទនេះពី៧ម៉ូដែល មកនៅត្រឹម ៤ម៉ូដែល ប៉ុន្តែមិនបានបញ្ជាក់ពីម៉ូដែលរថយន្តណានឹងត្រូវបញ្ឈប់ការផលិតនោះទេ៕