អ្នកដឹកនាំផ្នែកគ្រប់គ្រងផលិតផលរបស់ Mercedes-AMG បានបង្ហាញថា ក្រុមហ៊ុនបានប្រាប់ដល់អតិថិជនអំពីការពន្យារពេលនៃការដឹកជញ្ជូនរថយន្ត AMG One រួចហើយ ដោយវានឹងចាប់ផ្ដើមនៅក្នុងឆ្នាំ ២០២១។
នេះជាការបញ្ជាក់ជាលើកដំបូងពី Mercedes-AMG ក្រោយមានការចុះផ្សាយអំពីការពន្យារពេលនេះ ដោយសារបញ្ហាទាក់ទងនឹងប្រព័ន្ធម៉ាស៊ីន F1។ Michael Knoller ប្រធានផ្នែកគ្រប់គ្រងផលិតផលបាននិយាយថា ៖ “នៅពេលដែលអ្នកចង់ឲ្យបច្ចេកវិទ្យា F1 អាចប្រើប្រាស់លើដងផ្លូវធម្មតាបាននោះ អ្នកត្រូវធ្វើការពុះពារ។ យើងបានជួបបញ្ហាខ្លះ ប៉ុន្តែពេលនេះត្រូវបានដោះស្រាយរួចហើយ។”
រថយន្ត Mercedes-AMG One គឺមានប្រើប្រាស់នូវម៉ាស៊ីនដូចរថយន្តប្រណាំង F1 ឆ្នាំ ២០១៧ ដែលវាប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid ចំណុះ ១,៦ លីត្រ ៦ ស៊ីឡាំង។ វានឹងមានបច្ចេកវិទ្យា Turbocharger, ម៉ូទ័រអគ្គិសនី MGU-K, អាគុយបញ្ចុះកម្ដៅដោយទឹក ជាដើម។
Mercedes សន្យាថារថយន្ត AMG One នេះអាចបង្កើតសន្ទុះពី ០ ដល់ ២០០ គ.ម/ម៉ ដោយប្រើពេលមិនដល់ ៦ វិនាទី និងមានល្បឿនអតិបរមា ៣៥០ គ.ម/ម៉៕