Mercedes-Benz នឹងចាប់ផ្ដើមការដំឡើងរថយន្ត S-Class នៅក្នុងប្រទេសឥណ្ឌា សម្រាប់លក់លើទីផ្សារក្នុងស្រុក ដែលទំនងជាធ្វើឲ្យតម្លៃរថយន្តប្រណីតនេះកាន់តែធូរថ្លៃជាងមុនបន្តិច។
រថយន្ត S-Class ដែលនាំចូលជាធម្មតាមានតម្លៃប្រមាណ ២៩ម៉ឺនដុល្លារ ដែលជាតម្លៃថ្លៃបំផុតមួយបើធៀបនឹងទីផ្សារសហរដ្ឋអាមេរិកដែលមានដាក់លក់តម្លៃប្រមាណ ១១ម៉ឺនដុល្លារ។ តាមរយៈការដំឡើងរថយន្តក្នុងស្រុកនេះ Mercedes-Benz រំពឹងថានឹងបន្ថយតម្លៃរថយន្តនេះមកនៅចាប់ពីប្រមាណ ២៣ម៉ឺនដុល្លារ។
លក្ខណៈសម្បត្តិនៃរថយន្តដែលផលិតនៅឥណ្ឌា នៅមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែគេរំពឹងថាផ្នែកម៉ាស៊ីននឹងមិនមានការផ្លាស់ប្ដូរឡើយ ដោយវានឹងបន្តដាក់លក់ជាប្រភេទ S 400d និង S 450 4MATIC ដែលមានកម្លាំង ៣៣៥សេះ និងកម្លាំង ៣៦៧សេះ។
គេរំពឹងថាក្រុមហ៊ុននឹងប្រកាសចេញព័ត៌មានលម្អិតពីរថយន្តនេះនៅថ្ងៃទី០៧ ខែតុលាឆាប់ៗនេះ៕