Mercedes នឹងបន្តផលិតម៉ាស៊ីន V8 ប្រសិនតម្រូវការនៅតែមាន

[ទីផ្សារបរទេស] កាលពីខែកក្កដា ឆ្នាំ​២០២១ ក្រុមហ៊ុន Mercedes បាន​បង្ហាញ​អំពី​គោល​បំណង​ប្រែ​ខ្លួន​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនីសុទ្ធនៅ​ត្រឹម​ឆ្នាំ​២០៣០។

យ៉ាងណាក្ដី នៅចុងក្រោយ Mercedes បានលើកឡើងថា​គោលបំណងនេះអាចសម្រេច​អាស្រ័យ​លើ​ស្ថានភាពទីផ្សារនីមួយៗតែ​ប៉ុណ្ណោះ។ នេះមានន័យថារថយន្តម៉ាស៊ីនពីស្តុងនឹងត្រូវចូលនិវត្តន៍នៅក្នុងតំបន់មួយចំនួន ប៉ុន្តែ​វានឹងមានលក់នៅតាមបណ្ដាប្រទេស​ដទៃ​ទៀតក្នុងពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ រថយន្តម៉ាស៊ីនពីស្តុងនេះ នឹងមិនមែនតែជារថយន្តម៉ាស៊ីនតូចនោះទេ ព្រោះថា Mercedes ប្ដេជ្ញា​ថា​រក្សា​ទុក​ម៉ាស៊ីន V8 ឲ្យនៅមានជីវិតរហូតដល់ឆ្នាំ២០៣០ និងបន្តកាន់តែវែងអន្លាយតទៀត។ ក្នុង​កិច្ចសម្ភាសន៍ជាមួយ​ទស្សនាវដ្ដីអូស្ត្រាលី CarSale អនុប្រធានផ្នែកអភិវឌ្ឍន៍​រថយន្ត​លោក Joerg Bartels និយាយថាម៉ាស៊ីន V8 នឹងបន្តមានជីវិតរស់រាន។

អនុប្រធានរូបនេះបានពន្យល់ថា​ គ្រប់យ៉ាងគឺស្ថិតនៅ​លើ​ការរឹតបន្តឹងច្បាប់ឧស្ម័នពុល។ ប្រសិនបើក្រុមហ៊ុន Mercedes អាចធ្វើ​ឲ្យ​ម៉ាស៊ីន V8 គោរពទៅតាមច្បាប់បាន នោះគឺមិនមានគោលបំណងក្នុងការដាក់ម៉ាស៊ីន V8 ឬម៉ាស៊ីន I6 ឲ្យចូល​និវត្តន៍​នោះ​ឡើយ។

យ៉ាងណាក្ដី រថយន្ត AMG C63 នឹងបាត់បង់ជម្រើស​ម៉ាស៊ីន V8 ដោយប្ដូរមកម៉ាស៊ីន ៤ស៊ីឡាំងវិញ ជាមួយ​ការរាយការណ៍​ថា​រថយន្ត E63 ស៊េរីថ្មី ក៏នឹង​លុបបំបាត់ជម្រើសម៉ាស៊ីនចំណុះ ៤,០លីត្រផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម