Mercedes-Benz បានបង្ហាញចេញជាផ្លូវការនូវប្រព័ន្ធ MBUX ជំនាន់ទីពីរ ដែលនឹងត្រូវបំពាក់លើរថយន្ត S-Class ស៊េរីឆ្នាំ ២០២១។
តាមរយៈរូបភាពជាច្រើនសន្លឹកដែល Mercedes បានបង្ហាញ ឃើញថាផ្នែកខាងក្នុងរបស់រថយន្ត S-Class មានការផ្លាស់ប្ដូរកាន់តែប្រណីតជាងមុន មានផ្លាស់ប្ដូរទៅកាន់បែបឌីជីថលច្រើនជាងមុន។ គេឃើញថាខាងក្នុងរថយន្តមានអេក្រង់ធំៗរហូតដល់ ៥ ដែលនៅផ្នែកខាងក្រោយមានចំនួនបី។ អេក្រង់ធំនៅចំកណ្ដាលមានទំហំ ១២,៨អ៊ីញ ជាប្រភេទអេក្រង់ OLED ដែលមានមុខងារ Haptic Feedback។ចំណែកនៅត្រង់កុងទ័ររបស់អ្នកបើកបរវិញ មានអេក្រង់បង្ហាញជាលក្ខណៈ 3D ផុសត្រដែតច្បាស់ៗតែម្ដង។
ចំពោះជំនួយការសំឡេង “Hey Mercedes” វិញត្រូវបានបង្កើនសមត្ថភាពឲ្យកាន់តែសំបូរបែប និងអាចចំណាំភាសាបានច្រើនជាងមុនគឺរហូតដល់ ២៧ភាសា។ ជាមួយការផ្លាស់ថ្មីអ្នកបើកបរអាចបញ្ជាលើសកម្មភាពមួយចំនួនដូចជាលើកទូរសព្ទ ឬបង្ហាញផែនទីនាំផ្លូវ ដោយមិនបាច់និយាយពាក្យពេញនោះទេ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន Mercedes បានឲ្យដឹងថារថយន្ត S-Class ជំនាន់ថ្មីនឹងបង្ហាញមុខនៅមុនដំណាច់ឆ្នាំ ២០២០ នេះ ដែលវានឹងមានមកជាមួយនូវប្រភេទម៉ាស៊ីនសាំង, ម៉ាស៊ីន Hybrid, ប្រភេទ Plug-in Hybrid រួមទាំងប្រភេទអគ្គិសនីផងដែរ៕