Mercedes បញ្ចេញគំរូរថយន្តអគ្គិសនី ដែលជាកាសហការរឌីស្សាញឡើងជាមួយលោក Virgil Abloh

បន្ទាប់ពីការលាចាកលោករបស់អ្នករចនាម៉ូដដ៏មានឥទ្ធិពលលោក Virgil Abloh ក្រុមហ៊ុន Mercedes បានបង្ហាញគំរូរថយន្តឈ្មោះថា Project Maybach ។ រថយន្ត Concept នេះ ត្រូវបានពិពណ៌នាថាជា “រថយន្តកៅអីពីរ, ប្រភេទអាគុយ-អគ្គិសនី off-road coupé” ដែលត្រូវបានបង្កើតឡើង ដើម្បីបង្ហាញពីអនាគតនៃការធ្វើដំណើរដោយអគ្គិសនី។

ក្រុមអ្នកឌីស្សាញដែលបានចូលរួមក្នុងគម្រោងនេះត្រូវបានផ្តល់សេរីភាពច្នៃប្រឌិតពេញលេញ ដោយបង្កើតភាសារចនាថ្មីក្រោមការដឹកនាំរបស់ Gorden Wagener និង Virgil Abloh ផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្ត Project Maybach មានប្រវែងជិត ៦ម៉ែត្រ ដែលមានការឌីស្សាញយ៉ាងទាក់ទាញ ដែលមានដំបូលជាប្រភេទ Coupe-Style, ទ្វាចំនួនពីរ និងការរចនាបែបផ្សងព្រេង។ វាបានបំពាក់ជាមួយរបាការពារមុខ-ក្រោយ, សំបកកង់ប្រភេទបើកបរផ្លូវលំបាក, ចង្កៀងមុខប្រភេទ LED និងចង្កៀងក្រោយរចនាភ្ជាប់មកជាមួយឡូហ្គូរបស់ Maybach។ ហើយវាបានភ្ជាប់មកជាមួយបន្ទះសូឡានៅលើដំបូលម៉ាស៊ីន ដែលវានឹងជួយអោយរថយន្តនេះបើកបរបានចម្ងាយកាន់តែឆ្ងាយ។

រីឯផ្នែកខាងក្នុង ការរចនាគឺពុំមានភាពស្មុគស្មាញ ប៉ុន្តែមានភាពប្រណិត ជាមួយនឹងពណ៌ដែលបំផុសគំនិតដោយវាលខ្សាច់។ រីឯកៅអីចំនួនពីរនោះអាចធ្វើការបត់បានផងដែរ ចំណែកតាប្លូបានបំពាក់មកជាមួយកុងទ័រឌីជីថលនៅចំកណ្តាល និងប្រើប្រាស់ជាមួយដែកបែប Retro-style។

ក្នុងនោះផងដែរ ក្រុមហ៊ុន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម៖ “Mercedes-Benz មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ពេល​បាន​ឮ​ពី​ការ​ស្លាប់​របស់លោក Virgil Abloh។ ដោយការគោរពដ៏ស្មោះត្រង់របស់យើង គឺជាមួយក្រុមគ្រួសារ និងក្រុមការងាររបស់ Virgil ។ ឥឡូវនេះដើម្បីបង្ហាញពិភពលោកអំពីកិច្ចសហការរបស់យើង និងចក្ខុវិស័យតែមួយគត់របស់ Virgil ដល់សាធារណជន យើងចង់ផ្តល់ការគោរពចំពោះការងារនៃអ្នករចនាដ៏មានទេពកោសល្យ ដែលបានបង្កើតលទ្ធភាពគ្មានទីបញ្ចប់សម្រាប់ការសហការតាមរយៈការស្រមើស្រមៃរបស់គាត់ និងបំផុសគំនិតទាំងអស់ដល់ការងាររបស់គាត់។”

Project Maybach នឹងត្រូវដាក់បង្ហាញជាសាធារណៈនៅសារមន្ទីរ Rubell ក្នុងទីក្រុង Miami រដ្ឋ Florida នៅថ្ងៃទី ១ និងទី ២ ខែធ្នូនេះ។ ដូចដែលអ្នកអាចស្រមៃបាន គម្រោងនេះគឺជាការសិក្សាការរចនាដែលមិនមានគោលដៅសម្រាប់ផលិតកម្មឡើយ។

សូមបញ្ជាក់ផងដែថា លោក Virgil Abloh គឺជាស្ថាបត្យករជនជាតិអាមេរិក នាយកច្នៃប្រឌិត អ្នករចនាម៉ូដ សហគ្រិន និងជាសប្បុរសជន ជាមួយនឹងអាជីពដ៏គួរឱ្យទាក់ទាញនៅក្នុងឧស្សាហកម្មម៉ូដ។ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃយីហោ Off-White និងជានាយករចនាសម្លៀកបំពាក់បុរសរបស់ Louis Vuitton ចាប់តាំងពីឆ្នាំ ២០១៨។ លោក Abloh បានទទួលមរណភាពនៅថ្ងៃទី ២៨ ខែវិច្ឆិកា ក្នុងអាយុ ៤១ឆ្នាំ ដោយសារជំងឺមហារីកដ៏កម្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម