Mercedes បញ្ជាក់ពីពេលប្រកាសចេញឡានអគ្គិសនីដែលជិះបានចម្ងាយ ១០០០គីឡូម៉ែត្រ

Mercedes-Benz បានធ្វើការបញ្ជាក់ថារថយន្ត Concept ម៉ូដែល Vision EQXX នឹងត្រូវបង្ហាញវត្តមានជាផ្លូវការនាថ្ងៃទី៣ ខែមករាខាងមុខនេះ ដែលវានឹងជាអ្នកបើកផ្លូវដល់ការផលិតរថយន្តអគ្គិសនីជំនាន់ក្រោយ។

រថយន្តដែលត្រូវបានគេពណ៌នាថាជារថយន្តសន្សំសំចៃថាមពលបំផុតដែល Mercedes-Benz ផលិតបាននេះ ធ្លាប់បានបង្ហាញចេញរូបភាព Teaser ជាច្រើនលើកមកហើយ ដោយវាមានប្រើប្រាស់រចនាបថប្រៀបដូចជារថយន្តអនាគតយ៉ាងអ៉ីចឹង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Mercedes បានដាក់គោលដៅថារថយន្ត Concept នេះនឹងអាចបើកបរបានចម្ងាយរហូតដល់ ១០០០គីឡូម៉ែត្រពេលសាកថាមពលពេញ ហើយក្រុមហ៊ុនចង់ឲ្យរថយន្តនេះប្រើថាមពល១គីឡូវ៉ាត់ម៉ោងសម្រាប់ការបើកចម្ងាយ ១០គីឡូម៉ែត្រផងដែរ។

កន្លងមក Mercedes ធ្លាប់បានបង្ហាញផែនការថាចាប់ពីឆ្នាំ២០២២តទៅ ខ្លួននឹងផ្ដល់ជូនជម្រើសរថយន្តអគ្គិសនីសុទ្ធយ៉ាងហោចណាស់មួយសម្រាប់គ្រប់ប្រភេទរថយន្ត ហើយចាប់ពីឆ្នាំ២០២៥គ្រប់រថយន្តគ្រប់ម៉ូដែលនឹងមានដាក់លក់ជាមួយជម្រើសអគ្គិសនីសុទ្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម