ក្រុមហ៊ុនរថយន្ត Mercedes-Benz គិតថា រថយន្ត S-Class ជំនាន់ថ្មី ស៊េរីឆ្នាំ២០២១ របស់ខ្លួន (W223) នឹងជួយបង្កើនការលក់ យ៉ាងហោចណាស់ស្មើ ឬលើសម៉ូដែល S-Class ជំនាន់មុន (W222)។
លោក Ola Kallenius ប្រធានក្រុមហ៊ុន Mercedes-Benz បានឲ្យដឹងថា ប្រភេទរថយន្តប្រណីតកំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ដោយសារតែការកើនឡើងនៃអ្នកសម្បូរទ្រព្យនៅទូទាំងពិភពលោក ដែលវាជារឿងល្អសម្រាប់រថយន្ត Sedan ដូចជា S-Class ទោះបីជាមនុស្សមួយចំនួនកំពុងងាកទៅរករថយន្ត SUV និងរថយន្តអគ្គិសនីក៏ដោយ។
គួរឲ្យដឹងថា Mercedes-Benz បានលក់ដាច់រថយន្ត S-Class ជំនាន់មុន (W222) ជាង ៥០០ ០០០គ្រឿង ចាប់តាំងពីវាបានចេញលក់ កាលពីឆ្នាំ២០១៣ មក។ ក្នុងនោះ វាក៏មានទាំងប្រភេទ Mercedes-Maybach ផងដែរ។ លោក Kallenius បន្ថែមថា ចំនួនលក់ប្រចាំឆ្នាំរបស់ S-Class ជំនាន់ W222 គឺបានត្រឹមជាង ១០០ ០០០គ្រឿងប៉ុណ្ណោះ៕