Mercedes A-Class នឹងអស់ជីវិតនៅអាមេរិកក្រោយឆ្នាំ២០២២

[ទីផ្សារបរទេស] ប្រជាប្រិយភាពរថយន្ត SUV នៅអាមេរិក បានធ្វើឲ្យរថយន្ត Sedan មួយម៉ូដែលទៀតហើយដែលនឹងត្រូវក្ស័យសង្ខារ ដែលម្ដងនេះគឺរថយន្ត Mercedes A-Class ដែលនឹងត្រូវបញ្ឈប់ការលក់ពីទីផ្សារអាមេរិកនៅដំណាច់ឆ្នាំ២០២២នេះ។ នេះបើតាមការបញ្ជាក់ច្បាស់ៗពី Mercedes ផ្ទាល់។

រថយន្ត Sedan នេះត្រូវបាន Mercedes ប្រកាសចេញកាលពីឆ្នាំ២០១៩សម្រាប់ទីផ្សារអាមេរិក ក្នុងនាមជារថយន្តម្លៃធូរសម្រាប់ម៉ាករថយន្តនេះ ដើម្បីអូសទាញអតិថិជនក្មេង។ ទោះបីជាការលក់នៅអាមេរិកត្រូវបញ្ចប់ ប៉ុន្តែរថយន្តនេះនឹងបន្តមានលក់លើទីផ្សារដទៃទៀតជាធម្មតា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើតាមការបញ្ជាក់របស់ Mercedes ប្រចាំនៅសហរដ្ឋអាមេរិកបានឲ្យដឹងថាការសម្រេចចិត្តដកចេញរថយន្ត A-Class ពីទីផ្សារអាមេរិកគឺជាកិច្ចខិតខំប្រឹងប្រែងលើយុទ្ធសាស្ត្រថ្មីដែលពង្រឹងលើផលិតផលរបស់ខ្លួន ហើយរថយន្ត GLA SUV នឹងចូលមកជំនួសតំណែងរថយន្ត A-Class ក្នុងនាមជារថយន្ត Entry សម្រាប់សែស្រឡាយរថយន្ត Mercedes នៅអាមេរិក។

ការចុះផ្សាយរបស់ AutoNews បានរាយការណ៍ថារថយន្ត A-Class បានលក់ដាច់ខ្លាំងនៅអំឡុងឆ្នាំដំបូងដែលលក់ចេញបានសរុប ១៧ ៦៤១គ្រឿង ប៉ុន្តែចំនួនលក់បានធ្លាក់ចុះនៅត្រឹម ៨ ១០៨គ្រឿងនៅឆ្នាំ២០២១ ដែលធ្លាក់ចុះ ៤៧% ធៀបនឹងចំនួនលក់ឆ្នាំ២០២០។

រថយន្ត A-Class បានដាក់លក់នៅអាមេរិកក្នុងតម្លៃចាប់ពី ៣៣ ៩៥០ដុល្លារ ដែល​ធូរថ្លៃជាង GLA (៣៦ ៤០០ដុល្លារ) និងរថយន្ត GLB (៣៨ ៦០០ដុល្លារ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម